ព័ត៌មានជាតិ

លោក ឡាវ វ៉ាន់ អរគុណអង្គការ YUNDI របស់ខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ដែលបន្តខិតខំជួយ កុមារមានជំងឺបេះដូងចំហ

ភ្នំពេញ ៖ សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន មានរៀបចំ ពិធីសំណេះសំណាល ជូនដំណើរកុមារមានជំងឺបេះដូង ចំហ៣រូប ដែលទៅទទួលការ វះកាត់ និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ប្រទេសចិន ដោយមានការអញ្ចើញចូលរួម ពីលោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ថ្លែងទៅកាន់ក្រុមគ្រួសារ កុមារទាំង៣ ដែលមកពីខេត្តព្រះវិហារ ខេត្តតាកែវ និង រាជធានីភ្នំពេញ លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា សុខភាពល្អរបស់កុមារ គឺមិនត្រឹមតែជាទ្រព្យសម្បត្តិ ដ៏មានតម្លៃរបស់គ្រួសារ ប៉ុណ្ណោះទេ ថែមទាំងជារតនសម្បត្តិ របស់ប្រទេសជាតិថែមទៀតផង ។ កុមារ គឺជាទំពាំងស្នងឬស្សី គឺជាធនធនមនុស្សដ៏សំខាន់ របស់ជាតិ ហើយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង ភាពវាងវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង។

ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ លោកក៏បានថ្លែងនូវការកោតសរសើរ ចំពោះអង្គការ YUNDI របស់ខេត្តយូណាន និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ដែលបានចូលរួមជាចំណែកយ៉ាងសកម្ម នៅក្នុងការស្វះស្វែងរកប្រភពជំនួយនានា ទ្រទ្រង់ដល់ដំណើការសម្របសម្រួល ជូនដល់កុមារកម្ពុជាទៅវះកាត់ និងព្យាបាលជំងឺបេះដូងចំហ ដោយឥតគិតថ្លៃ នៅក្នុងប្រទេសចិន។

ក្នុងពេលនោះដែរ លោក ឡាវ វ៉ាន់ ក៏បានជួយឧបត្ថម្ភសម្រាលបន្ទុក ដល់ក្រុមគ្រួសារកុមារមានជំងឺបេះដូងចំហ ទាំង៣រូប និងអ្នកកំដរ៣រូប បានមានលទ្ធភាពគ្រប់គ្រាន់ ទៅទទួលការវះកាត់និងព្យាបាល ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យFUWAI ខេត្តយូណាន ប្រទេសចិន។

ពោរពេញដោយក្តីសប្បាយរីករាយ និងរំភើបក្រៃលែង ក្នុងនាមក្រុមគ្រួសារកុមារទាំង៣គ្រួសារនេះ លោក ថោង វុន្ធី រស់នៅក្នុងខេត្តព្រះវិហារ បានថ្លែងអំណរ គុណដល់លោក ឡាវ វ៉ាន់ តំណាងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងលោក ជា មុនីឫទ្ធិ តំណាងមិត្តចិន ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល ជួយដល់ក្រុមគ្រួសារកុមារ មានជំងឺបេះដូងចំហ ទាំង៣រូបទៅទទួលការវះកាត់និងព្យាបាល ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យFUWAI ខេត្តយូណាន ប្រទេសចិន។

គួរបញ្ជាក់ផងដែរថា ដោយទទួលបានការ ក្រោមការគាំទ្រ យ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា និងដោយមានកិច្ចសហការ រវាងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ និងមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ប្រទេសចិន ទើបចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន បានចុះពិនិត្យសុខភាពឡើងវិញ ជូនដល់កុមារអាយុក្រោម១៤ឆ្នាំ នៅក្នុងក្រុងព្រះវិហារ ស្រុកបាទី និងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ហើយជាលទ្ធផលមានកុមារ៣រូប ត្រូវរកឃើញថាមានជំងឺបេះដូងចំហ ដែលគ្រោងនឹងបញ្ជូនទៅវះកាត់ និងព្យាបាលដោយឥតគិតថ្លៃ នៅប្រទេសចិន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

To Top