ព័ត៌មានជាតិ

សម្ដេចធិបតី៖ ដំឡើងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី ដើម្បីបន្ថែមទម្ងន់ លើការដឹកនាំកំណែទម្រង់មុខងារសាធារណៈ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការបកស្រាយថា ការដំឡើងតំណែងលោក ហ៊ុន ម៉ានី ទៅជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមែនដោយសារសាច់ញ្ញាតិរបស់សម្ដេចឡើយ តែផ្ទុយទៅវិញ គឺបន្ថែមទម្ងន់នៃយន្តការដឹកនាំ គ្រប់គ្រងលើកិច្ចការកំណែទម្រង់មុខងារសាធារណៈ។

ការបកស្រាយនេះ ដោយសារសម្តេចបានមើលឃើញ មានមតិប្រឆាំងមួយចំនួននៅក្រៅប្រទេស បានធ្វើការរិះគន់មកលើផ្ទាល់តែម្តង លើការដំឡើងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តីដែលជាប្អូនប្រុសបង្កើត ដើម្បីពង្រឹងអំណាចបន្ថែមទៀត មុនពេលរដ្ឋសភាបានបោះឆ្នោតជ្រើសតាំង លោកហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី កាលពីថ្ងៃ២១ កុម្ភៈ។ ករណីនេះ សម្តេចធិបតីថ្លែងតបថា ការដំឡើងឋានៈលោក ហ៊ុន ម៉ានីដើម្បីសម្រួលដល់ឋានានុក្រមការងារប៉ុណ្ណោះ គ្មានបំណងអ្វីទេ បើទោះបីជាលោកហ៊ុន ម៉ានីមិនមែនជាសាច់ញ្ញាតិ ឬក៏អ្នកផ្សេងដែលជា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈក៏ត្រូវដំឡើងដែរ ព្រោះក្រសួងមុខងារសាធារណៈ ទទួលកំណែងទម្រង់ធំជាងគេ គឺរដ្ឋបាលសាធារណៈ។

នាឱកាសអញ្ជើញជាអធិបតីប្រកាស ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ កុម្ភៈ សម្ដេចធិបតីមានប្រសាសន៍ថា «ប៉ុន្មានថ្ងៃនេះ ឃើញមានការវាយប្រហារ ការដំឡើងរដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ទៅជាឧបនាយករដ្ឋមន្ដ្រី ដោយសារអ្នកនេះ អ្នកនោះ។ ទោះបីជា ហ៊ុន ម៉ានី មិនមែនកាន់ការងារនេះ (កាន់ក្រសួងមុខងារសាធារណៈ) អ្នកណាក៏ដោយ ដែលកាន់ការងារនេះ (កាន់ការងារក្រសួងមុខងារសាធារណៈ) ក៏ត្រូវដំឡើងដែរ។ ដោយសារអ្វី? ដោយសារក្រសួងនេះ ដើរតួនាទីជាសេនាធិការ ក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ គ្របដណ្ដប់ទៅលើការជួយកំណែទម្រង់នេះ ពាក់ព័ន្ធទៅដល់គ្រប់ក្រសួងស្ថាប័ន្ធទាំងអស់»។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា បើសេនាធិការរបស់រាជរដ្ឋាភិបាល មានទម្ងន់ទាប តើទៅប្រាប់គេឲ្យធ្វើការយ៉ាងម៉េច? ឲ្យនាយករដ្ឋមន្ដ្រី ធ្វើទៅការងារខ្លួនឯងឬ?។ ដូច្នេះ តម្រូវការកំណែទម្រង់អាទិភាព ត្រូវបង្កើនសិទ្ធិ បង្កើនតួនាទី ដើម្បីផលប្រយោជន៍ទាំងមូល ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ កុម្ភៈ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ , លោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ក្រោយសមាជិករដ្ឋសភាចំនួន​១២០រូបបានបោះឆ្នោតជ្រើសតាំង ជាឧបនាយករដ្ឋមន្ដ្រី និងទេសរដ្ឋមន្រ្តី២រូប៕

To Top