ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវដល់ពលរដ្ឋ ពេលឃើញគ្រាប់មីនកុំប៉ះ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការអំពាវនាវប្រជាពលរដ្ឋគ្រប់រូប នៅពេលឃើញមីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះសល់ពីសម័យសង្គ្រាម កុំប៉ះពាល់ ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរ។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» សម្ដេចធិបតីណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិចូលរួមខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍។

សម្ដេចធិបតីបន្ដថា អាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំ និងទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំង រៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំឲ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ដែលរងផល ប៉ះពាល់ និងឥរិយាបថរបស់ជនងាយរងគ្រោះ។

សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំ ក៏សូមអំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាចូលរួមអនុវត្ត ដូចជា៖ ក្នុងករណីបើបងប្អូន កូនក្មួយឃើញមីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់អាយុជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតបំផុត»

សម្តេចថាក្នុងនោះត្រូវក៏ហាមទិញ លក់ រក្សាទុក កែច្នៃមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាអំពើខុសច្បាប់ ព្រមទាំងកុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ។

ជាមួយគ្នានេះដែរ សម្ដេចធិបតីក៏បានស្នើសុំប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទះទាំងនេះ៕

To Top