ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល បានកំណត់ឲ្យអ្នកមានសិទ្ធិ នាំចេញផលិតផលរ៉ែ ត្រូវបង់ប្រាក់តម្កល់៥% នៃថ្លៃសួយសារលើផលិតផលរ៉ែ នាំចេញតាមបរិមាណគោលការណ៍កំណត់កូតា អនុញ្ញាតនាំចេញនីមួយៗ មុននឹងនាំចេញ។
បើតាមសេចក្ដីប្រកាសរបស់អន្តរក្រសួង ស្តីពីបែបបទ និងនីតិវិធី នៃការបង់កាតព្វកិច្ចហិរញ្ញវត្ថុ មិនមែនសារពើពន្ធ សម្រាប់ការនាំចេញផលិតផលរ៉ែ បានឲ្យដឹងថា ការកំណត់នេះធ្វើឡើង ដើម្បីធានាការប្រមូលចំណូលប្រកបដោយតម្លាភាព ប្រសិទ្ធភាព បញ្ចៀស ការកើតមានបំណុល ជាយថាហេតុ និងជួយសម្រួលរំហូរសាច់ប្រាក់ របស់អ្នកនាំចេញ ផលិតផលរ៉ែ។
សេចក្ដីប្រកាសដដែលបញ្ជាក់ថា “មុនពេលនាំចេញផលិតផលរ៉ែ អ្នកនាំចេញត្រូវបង់ប្រាក់តម្កល់អប្បបរមាចំនួន ៥% (ប្រាំភាគរយ) នៃថ្លៃសួយសារ លើផលិតផលរ៉ែនាំចេញ តាមបរិមាណគោលការណ៍កំណត់ កូតាអនុញ្ញាតឲ្យនាំចេញនីមួយៗ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ប្រាក់ធានាកាត់កង សម្រាប់ការកាត់កង កាតព្វកិច្ចហិរញ្ញវត្ថុមិនមែន សារពើពន្ធ តាមការនាំចេញ ជាក់ស្តែង”៕






