ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសក្រហមចំនួន ១ខ្សែ មានប្រវែង ២ ៨០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាសំណង់សិល្បការ្យចំនួន ៩ កន្លែង រួមមាន លូប្រអប់មុខបីចំនួន ១កន្លែង លូមូលមុខបីចំនួន ៤កន្លែង លូមូលមុខពីរចំនួន ៣កន្លែង និងលូមូលមុខមួយចំនួន ១កន្លែង។
ខ្សែផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បន្ទាប់ពីបានពិនិត្យលើសោភ័ណ្ឌភាព និងលក្ខណៈបច្ចេកទេស នៃការស្ថាបនាទាំងផ្លូវ និងសំណង់សិល្បការ្យជនបទរួចមក លោករដ្ឋមន្រ្ដី បានធ្វើកាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងវិស្វកម្មលេខ ១៧៨ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងការគាំទ្រសហការល្អពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី មគ្គុទ្ទេសឯកនៃនយោបាយឈ្នះ ឈ្នះ និងជាស្ថាបនិកនៃសន្តិភាព និងការបន្តវេនប្រកបដោយភាពបុិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
ជាពិសេសលោករដ្ឋមន្រ្តី បានចាត់ទុកថា ផ្លូវមួយខ្សែនេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើឱ្យប្រជាពលរដ្ឋ សម្រាប់ធ្វើការប្រើប្រាស់ដើម្បីជាប្រយោជន៍ តជំនាន់ផងដែរ។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានបន្តអញ្ជើញទស្សនកិច្ច ការដ្ឋានសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដែលស្ថិតក្នុងភូមិសាស្ដ្រខាងលើ ដែលតំណាងឲ្យការលះបង់ និងពលីកម្មគ្រប់បែបយ៉ាងរបស់វីរជនជំនាន់មុន ដើម្បីដណ្តើមបានមកវិញ នៅសុខសន្តិភាពពេញលេញ ភាពសម្បូរសប្បាយ និងការអភិវឌ្ឍរីកចម្រើន ដូចបច្ចុប្បន្ន៕