ព័ត៌មានជាតិ

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន ៤៧%គ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC ក្នុងខែមិថុនា

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤៧% និងគ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC ក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

តាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២១ កុម្ភៈ បានបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ (ចាប់ពីថ្នល់បែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) មកដល់ពេលនេះ បានលេចចេញវឌ្ឍនភាពគួរឲ្យកត់សម្គាល់។

តាមការគ្រោងទុកការងារតួផ្លូវចាក់ AC នឹងរួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះហើយ ដោយការងារបន្ទាប់គឺការបំពាក់បរិក្ខារផ្លូវថ្នល់ និងបំពាក់សម្ភារបម្រើឱ្យការងារសុវត្តិភាពចរាចរណ៍។ គម្រោងនេះ គឺជាកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងការធ្វើចរាចរណ៍របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅកាន់តំបន់មាត់សមុទ្រប៉ែកនិរតី សម្រួលការធ្វើដំណើរពលរដ្ឋកាន់តែប្រសើរ និងការដឹកជញ្ជូនទំនិញទៅមក។

សូមជម្រាបជូនថា មកទល់ពេលនេះការងារដែលសម្រេចបាន រួមមាន៖ ការងារស្រទាប់ Sub Base ជាន់ទី១ ៩០.៨២% (៤៨,៤៨៧km),ការងារស្រទាប់ Sub Base ជាន់ទី២ ៩០.៨២% (៤៨,៤៨៧km),ការងារស្រទាប់ Base Course ជាន់ទី១ ៦៦.៦៨% (៣៥.៦km),ការងារស្រទាប់ Base Course ជាន់ទី២ ៥៦,៩៦% (៣០,៤Km),ការងារសាងសង់លូកាត់ទទឹងផ្លូវ ៩៥%, ការងារស្ពាន ១០០%, ការងារស្រទាប់ Base Course ជាន់ទី២ ៦០.៧% (២៩.៥Km), ការងារសាងសង់ផ្លូវវាងទី១ ២៥%, ការងារសាងសង់ផ្លូវវាងទី២ ៦០% និងការងារសាងសង់លូមូលបណ្តោយផ្លូវ គ.ម៧ សម្រេចបាន៦០%។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងចង្អុលបង្ហាញឲ្យ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ជាប្រចាំជាមួយក្រុមការងារបច្ចេកទេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ,ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធ។ ការចុះពិនិត្យជាប្រចាំនេះ បានធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕

To Top