ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ ត្រូវរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលខាងមុខនេះ។
យោងតាមមាត្រា១៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សកម្មភាពឃោសនាបោះឆ្នោត ត្រូវចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត ខណៈការឃោសនានឹងត្រូវបញ្ចប់នាថ្ងៃ២៣ កុម្ភៈស្អែកនេះ។
ដូច្នេះតាមរយៈសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី២២ កុម្ភៈ បានបញ្ជាក់ថា «សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០យប់ថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់ ម៉ោង១២ យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤»។
គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញ ផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា សេចក្តីណែនាំ រួមនឹងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងដំណាក់កាលនេះ ជាពិសេសក្នុងការចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាព ទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិតធ្វើឱ្យមានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន។
គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប៕