ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម កំពុងសិក្សាតាមផ្លូវច្បាប់ ចំពោះជនល្មើស ចាក់ថ្មចូលក្នុងទន្លេ នៅស្រុកស្រីសន្ធរ

ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រៅពីវិធានការបន្ទាន់ចំនួន៣ចំណុច ចំពោះករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមហើយ រដ្ឋបាលខេត្តក៏បាននិងកំពុង សិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀតផងដែរ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ភ្លាមៗរដ្ឋបាលខេត្ត បានចាត់តាំង លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះបានដំណើរការតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ មកម្លេះ។ ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។ សកម្មភាពនៃការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺពុំ មានច្បាប់អនុញ្ញាតឡើយ។

ជាវិធានការបន្ទាន់នេះ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឲ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេនេះ ត្រូវបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។ ត្រូវធ្វើការកាយនិងយកថ្ម ដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ ក្នុងរយៈពេលយ៉ាងយូរ៧០ថ្ងៃ ជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូល ក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅ ថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍ តាមផ្លូវទឹក។
ភាគីម្ចាស់ដី ត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្ត នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តង ឬតាមពេលវេលាជាក់ស្ដែង៕

To Top