ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងគណបក្សភឿថៃ ដែលមានកូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី ផែតុងតាន ជាអ្នកដឹកនាំ បានបង្ហាញនូវគោលបំណង ក្នុងការផ្លាស់ទស្សនកិច្ចជាន់ខ្ពស់ រវាងបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃ២១ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានអញ្ជើញទៅសួរសុខទុក្ខ លោក ថាក់ស៊ីន ក្នុងនាមជាបងប្អូនធម៍ ដល់ភូមិគ្រឺះ នាទីក្រុងបាងកក ប្រទេសថៃ។
ក្រោយដំណើរសួរសុខទុក្ខប៉ុន្មានថ្ងៃ បើតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ ដែលកំពុងនឹងកាន់អំណាចនៅក្នុងប្រទេសថៃ នៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ខាងមុននេះ នឹងអញ្ជើញមកបំពេញនៅកម្ពុជា រយៈពេល២ថ្ងៃ។ ការអញ្ជើញមកបំពេញទស្សនកិច្ច ធ្វើឡើងតបតាមការ អញ្ជើញរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់ លើកិច្ចសហប្រតិបត្តិការ នៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជននិងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និត រវាងគណបក្សទាំងពីរ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយនឹង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន រដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្ចក្រកម្ពុជា៕