ព័ត៌មានជាតិ

អាជ្ញាធរ និងកងពលតូចលេខ៧០ ចេញបាញ់ថ្នាំសម្លាប់មូសបង្ការជំងឺគ្រុនឈាម ជូនពលរដ្ឋ តាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងកម្លាំងកងពលតូចលេខ៧០ នារសៀលថ្ងៃទី ២៣កុម្ភៈ ឆ្នាំ២០២៤នេះ បានជួបជុំគ្នា ស្តាប់ការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចេញដំណើរ ធ្វើយុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅខណ្ឌចំនួន៥ ដែលជាខណ្ឌមានបញ្ហាប្រឈម ជំងឺគ្រុនឈាមខ្លាំងជាងគេ។

នៅថ្ងៃទី១នៃយុទ្ធនាការបាញ់សម្លាប់មូសខ្លានេះ ប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូស ចំនួន១៥គ្រឿង ប្រើប្រាស់កម្លាំងកងពលតូចលេខ៧០ ចំនួន២៥នាក់ សហការជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំង៥ ដែលជាខណ្ឌមានបញ្ហាប្រឈមខ្លាំងជាងគេ ចំពោះការរីករាលដាលជម្ងឺគ្រុនឈាមនេះ ក្នុងនោះរួមមាន ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខនិង
ខណ្ឌមានជ័យ ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានធ្វើការណែនាំទៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញថា ជាជំហានដំបូងនេះ ក្រុមការងារត្រូវបាញ់ថ្នាំសម្លាប់មូសខ្លា នៅទូទាំង៥ខណ្ឌនេះឲ្យបានរួចរាល់ ក្នុងរយៈពេលមួយសប្តាហ៍ រួចបន្តទៅខណ្ឌផ្សេងទៀត រហូតបញ្ចប់ទាំង១៤ខណ្ឌនិង១០៥សង្កាត់។ ក្រោយបញ្ចប់កិច្ចការងារទាំង១៤ខណ្ឌហើយ មន្ទីរសុខាភិបាល ត្រូវបន្តការបាញ់ថ្នាំសម្លាប់មូស នៅតាមប្រឡាយ លូនានា នៅក្នុងរាជធានីភ្នំពេញបន្តទៀត សំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យបាននូវជំងឺគ្រុនឈា​ម ។

ក្នុងឱកាសនោះដែរ ក៏មានការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ។ លុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍ ដើម្បីរួមចំណែកទុបស្កាត់ ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។

តាមការបញ្ជាក់របស់លោកឃួង ស្រេង ការអនុវត្តខាងលើនេះ ធ្វើឡើងការចង្អុលបង្ហាញ ពីសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើការយកចិត្តទុកដាក់សុខមាលភាព ប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម មានការកើនឡើង ខណៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ​​ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ ក្រុមការងារនៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងដោយមានកិច្ចសហការ ពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជម្ងឺគ្រុនឈាម៕

To Top