ព័ត៌មានជាតិ

ក្រសួងការងារ​ និងមូលនិធិ The Dariu Foundation របស់ប្រទេសស្វីស ចុះអនុស្សរណៈ ស្តីពីការបណ្តុះបណ្តាល បច្ចេកវិទ្យាឌីជីថល

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក រ៉ាជីវ ប្រាដាន (Rajiv PRADHAN) នាយកប្រចាំប្រទេសកម្ពុជា នៃមូលនិធីThe Dariu Foundation របស់ប្រទេសស្វីស នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤​ បានចុះអនុស្សរណៈ ស្តីអំពីគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថល ដើម្បីឱ្យយុវជន និងសិស្សនៃគ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេស ទទួលបានការអប់រំផ្នែកឌីជីថល ដើម្បីផលិតភាពការងារ ក្នុងសង្គមការងារ ផ្នែកសេដ្ឋកិច្ចឌីជីថល។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គម្រោងនេះ នឹងផ្តល់អាទិភាពផ្តោត លើការកែលម្អការ អប់រំ សម្រាប់យុវជន និងសិស្សនៃគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបំណងចូលទីផ្សារការងារ ដើម្បីផលិតភាពខ្ពស់ ក្នុងសេដ្ឋកិច្ចឌីជីថល ភាពជាសហគ្រិន ដោយផ្សារភ្ជាប់ជាមួយឌីជីថល ឬបន្តការសិក្សាបន្ថែមទាក់ទង នឹងសេដ្ឋកិច្ចឌីជីថល ។

ការចុះអនុស្សរណៈនេះ គឺស្របទៅតាមផែនការ យុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល ប្រាំឆ្នាំពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៨ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពពលរដ្ឋកម្ពុជា ក្នុងយុគ្គសម័យឌីជីថល ហើយការចុះអនុស្សរណៈនេះ ក៏ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដែលបានផ្តោត សំខាន់លើធនធានមនុស្ស និងបច្ចេកវិទ្យាផងដែរ៕

To Top