ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ប្រជាធិបតេយ្យនៅកម្ពុជាមានភាពចាស់ទុំ ដោយបានបើកទូលាយឱ្យគ្រប់និន្នាការ បានចូលរួមប្រកួតប្រជែងស្មើភាព ដោយឈរលើឧត្តមគតិ តម្កល់ផលប្រយោជន៍រួមគឺ ជាតិនិងប្រជាជនកម្ពុជា។
ការអះអាងនេះធ្វើឡើង ក្នុងឱកាសសម្ដេចធិបតី នាយករដ្ឋមន្រ្តី បានអញ្ជើញ ចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅការិយាល័យលេខ១០០១ នៃវិទ្យាល័យស៊ីសុវត្តិ ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានធ្វើការប្រកួតប្រជែងដោយសេរី យុត្ដិធម៌ និងតម្លាភាព ស្ថិតក្នុងបរិយាកាសសុខដុមរមនា និងគ្មានអំពើហិង្សា។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោត១ ក្នុងចំណោមការបោះឆ្នោតទាំង៤ នៅកម្ពុជា រួមទាំង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត; ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ; និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់៕