ព័ត៌មានជាតិ

គ.ជ.ប​ ចាត់ទុកការបោះឆ្នោត ជ្រេីសតាំងសមាជិកព្រឹទ្ធសភា​ ប្រព្រឹត្តទៅដោយសេរី និងទទួលបានលទ្ធផល ជោគជ័យ

ភ្នំេពញ​ ៖​ លោក​ ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់ទុកដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ​បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីការសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥​ កុម្ភៈ​ នេះ​ លោក​ ប្រាជ្ញ ចន្ទ បានឱ្យដឹងថា​ គ.ជ.ប នឹងបិទផ្សាយលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយប្រសិនបើគ្មានពាក្យ បណ្ដឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាស នៅចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

ប្រធាន​ គ.ជ.ប​ បានវាយតម្លៃថា “ជារួមបរិយាកាសទូទៅជុំវិញការបោះឆ្នោគមាន សភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មាន ការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ យេីងអាចចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ”។

ប្រធាន​ គ.ជ.ប​ បានបញ្ជាក់ជូនថា អ្នកដែលមិនបានមកបោះឆ្នោត ដោយសារមាន អ្នកខ្លះមានជំងឺ អ្នកខ្លះទៀតនៅក្រៅប្រទេស។ ចំពោះអ្នករិះគន់ការបោះឆ្នោត ចេះតែនិយាយដោយ គ្មានភស្តុតាង គ្មានមូលដ្ឋាន ពីព្រោះថា មកទល់ពេលនេះពុំទាន់មានបណ្ដឹងណាមួយត្រូវបានដាក់ និងទទួលទេ។

សូមរំលឹកថា​ តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបានបង្ហាញថា អ្នកបានបោះឆ្នោត សរុបមានចំនួន ១១.៧៣០ នាក់ ស្មើនឹង ៩៩,៨៦ ភាគរយ នៃអ្នកមានឈ្មោះក្នុង បញ្ជីបោះឆ្នោត ១១.៧៤៧ នាក់៕

To Top