ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្ដ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារ សម្រាប់ខែបន្តរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅទីស្ដីការក្រសួងដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ  រដ្ឋលេខាធិការ  អនុរដ្ឋលេខាធិការ អគ្គនាយក  លោក លោកស្រីប្រធាននាយកដ្ឋាន  ព្រមទាំងមន្ត្រីរាជការ។ រីឯ មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។

ជាកិច្ចចាប់ផ្តើម លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់នាឱកាសនោះ។

បន្ទាប់មកលោករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរបៀបវារៈម្តង មួយចំនុចៗ ដោយមានការអញ្ជើញធ្វើសេចក្តីរាយការណ៍ពីសំណាក់ លោករដ្ឋលេខាធិការ​ទទួលបន្ទុកតាមកម្មវិធី អគ្គនាយក និងនាយកដ្ឋានជំនាញផងដែរ។

ជាកិច្ចបន្ទាប់ លោករដ្ឋមន្ដ្រី  បានផ្ដល់អនុសាសន៍បន្ថែមដូចខាងក្រោម៖

1/ សូមថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋាន និងមន្ទីរក្រោមឱវាទ យកចិត្តទុកដាក់ពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យសមិទ្ធផលដែលសម្រេចបាន និងលើកទិសដៅបន្ត ព្រមទាំងជួយបំពេញនូវធាតុចូលបន្ថែម ដើម្បីរៀបចំរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅបន្តឱ្យបានគ្រប់ជ្រុងជ្រោយ

2/ នាយកដ្ឋានជំនាញត្រូវពិនិត្យលើលទ្ធផលនៃការវាយតម្លៃសាកល្បងភូមិគំរូដែលបានចុះត្រួតពិនិត្យរួច និងត្រូវបន្ដចុះធ្វើការវាយតម្លៃភូមិគំរូដទៃទៀត តាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ

3/ ត្រូវបន្ដអនុវត្តផែនការមេផ្លូវជនបទ និងត្រូវសិក្សាជាគម្រោងលម្អិតបន្ថែមទៀត ទៅតាមស្ថានភាពជាក់ស្ដែង

4/ បន្ដធ្វើកំណែទម្រង់នីតិវិធីសំហូរឯកសាររដ្ឋបាល និងទម្រង់របាយការណ៍រួម ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ ត្រៀមឈានទៅអនុវត្តរដ្ឋាភិបាលឌីជីថល នៅក្នុងឆ្នាំ២០២៤នេះ

5/ ត្រូវបន្តអនុវត្តនូវបទបញ្ជាផ្ទៃក្នុង របស់ក្រសួងដែលបានដាក់ចេញ ដោយពង្រឹងវត្តមានមន្ដ្រី និងគុណភាពការងារ តាមរយៈការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យតាមអេឡិចត្រូនិក ឱ្យឆ្លើយតបទៅនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល

6/ ត្រូវគាំទ្រ និងចូលរួមអនុវត្តវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

7/ ការជ្រើសរើស និងការចាត់តាំងមន្ដ្រី ត្រូវផ្អែកលើគុណាធិបតេយ្យ កម្រិតចំណេះដឹង ជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងអង្គភាព

8/  ត្រូវបន្ដចូលរួមផ្សព្វផ្សាយ សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយ ក្នុងខណៈដែលប្រទេសជាតិទាំងមូលកំពុងមានសន្ទុះអភិវឌ្ឍន៍ក្រោមម្លប់សន្ដិភាពពេញបរិបូរណ៍

9/ ត្រូវត្រៀមរៀបចំចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ៕

To Top