ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃរ ម្លឹកថ្នាក់ដឹកនាំក្រោមឱវាទឱ្យមានភាពស្មោះត្រង់ ក្នុងការធ្វើតេស្តរកសារធាតុញៀន

កណ្ដាល ៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា មិនបណ្ដែតបណ្ដោយឱ្យមានចន្លោះប្រហោងឬភាពឆកល្វែងកើតមានដោយងាយៗឡើយក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលជាតិ។

ក្នុងពិធីបិទសន្និបាត និងសម្ពោធសមិទ្ធផលនៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់អង្គភាពនគរបាលជាតិ ត្រូវមានភាពស្មោះត្រង់ក្នុងការងារនេះ ក៏ដូចជាការងារផ្សេងទៀតក្នុងវិជ្ជាជីវៈជាមន្ត្រី។

លោកឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកុំឱ្យថ្នាក់ដឹកនាំស្នងការដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ បិទបាំងករណីរកឃើញមន្រ្តីមានសារធាតុញៀន ឬមន្ត្រីប្រើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្រ្តីជិតដល់អាយុចូលនិវត្តន៍ជាដើម។ 
លោកក៏បានផ្ដាំផ្ញើកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្រ្តី ពីព្រោះក្រសួងនឹងផ្ដល់ចំនួនក្របខ័ណ្ឌថ្មីជំនួសឱ្យអ្នកចាស់ដែលបានបណ្ដេញចេញ។

ជាមួយគ្នានោះដែរ លោក ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ទាំងមន្រ្តីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ យកចិត្តទុកដាក់គោរពពេលវេលាបំពេញការងារឱ្យបានត្រឹមត្រូវ និងបានណែនាំឱ្យអគ្គនាយកដ្ឋានធនធានមនុស្សអនុវត្តគ្រប់យន្តការ និងមធ្យោបាយ ដើម្បីធានាថាមន្រ្តីទាំងអស់ពិតជាបានមកបំពេញការងារត្រឹមត្រូវ ស្របតាមច្បាប់ និងគោលការណ៍របស់អង្គភាព។

ពីវេទិកាធិបតីនោះដែរ លោកអភិសន្តិបណ្ឌិតបានកោតសរសើរចំពោះសមិទ្ធផលទាំងឡាយ ជាពិសេសលទ្ធផលនៃការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ ដែលបណ្ឌិត្យសភានគរបាលកម្ពុជាសម្រេចបាន ដោយបានគូសបញ្ជាក់ទៀតថា សមិទ្ធផលនេះ ក៏ដូចជាសមិទ្ធផលជាតិផ្សេងទៀត សុទ្ធតែអាចកើតឡើងបានដោយសារកត្តាសុខសន្តិភាព និងភាពប៉ិនប្រសប់នៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។

លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍ទៀតថា ឈរលើមរតកនៃសមិទ្ធផលជាតិជាប្រវត្តិសាស្ត្រនេះ នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមហាផ្ទៃនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រដល់កម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យបានគ្រប់គ្រាន់ ក្នុងជួរកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពនិងជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

To Top