ខេត្តកណ្តាល ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម អមដំណើរដោយលោកថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ដែលធ្វើការស្តារស្ទឹងព្រែកត្នោត នៅផ្នែកខាងក្រោម ចាប់ពីខាងកើតផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ។

សូមជម្រាបថា គម្រោងស្តារស្ទឹងព្រែកត្នោត នៅផ្នែកខាងក្រោម មានការងារសំខាន់ៗដូចជា៖ ទី១)ស្តារស្ទឹងនិងពង្រឹង ទំនប់សណ្ត ទី២) សាងសង់និងជួសជុលប្រឡាយ ទី៣) សាងសង់សំណង់ តាមស្ទឹងឬប្រឡាយ ។ គម្រោងនេះប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលការងារសាងសង់ បានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យជាក់ស្តែង ការងារជីកប្រឡាយតភ្ជាប់ ពីប្រឡាយលេខ៩៤ ទៅលេខ៩៦ ប្រវែង ២០០០ម៉ែត្រ និងជីកបាតប្រឡាយ ២០ម៉ែត្រ ជាលទ្ធផល ការងារជីកប្រឡាយសម្រេចបានប្រវែង ១២៥០ម៉ែត្រ ប្រមាណជា ៦០ភាគរយ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារ បច្ចេកទេសយកចិត្តទុកដាក់ លើការងារសាងសង់ឱ្យបានរួចរាល់ តាមកិច្ចសន្យានៃគម្រោង ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ ឱ្យដឹងថា វឌ្ឍនភាព នៃគម្រោងគិតមកដល់ថ្ងៃនេះ សម្រេចបានប្រមាណ ៨៣,៦ភាគរយ ដោយឡែកការងារស្តារ ប្រឡាយព្រែកហូរប្រវែង ៧២០០ម៉ែត្រ ដែលក្នុងនោះមានការងាររៀបថ្មប្រវែង ៣៥០០ម៉ែត្រ និងការងារចាក់បេតុងប្រវែង ៣៧០០ម៉ែត្រ ជាលទ្ធផល ការងារចាក់បេតុងប្រឡាយសម្រេចបានប្រវែង ៦០០ម៉ែត្រ និងការងារចាក់ថ្មសម្រេចបានប្រវែង ៣០០ម៉ែត្រ។

លោករដ្ឋមន្ត្រី បញ្ជាក់ថា ក្រោយពេលសាងសង់ រួចប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត នឹងធានាបាននូវការការពារ និងកាត់បន្ថយ នូវគ្រោះទឹកជំនន់ពីស្ទឹងព្រែកត្នោត ដែលតែងតែយាយី ដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ លើទំហំផ្ទៃដីប្រមាណ ២៤៤ គីឡូម៉ែត្រក្រឡា បង្កើនលទ្ធភាព ស្រោចស្រពដីស្រែបាន ១០១៥០ហិកតា នៅរដូវប្រាំង និង ១៧ ៧៣០ហិកតានៅរដូវវស្សា ចូលរួមចំណែក ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួន នៅផ្នែកខាងក្រោម ព្រមទាំងបម្រើ ដល់វិស័យទេសចរណ៍ផងដែរ៕






