ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរ ដ្ឋ-ឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ប្រកបដោយនិរន្តរភាព ព្រមទាំងការទទួលខុសត្រូវ។
តាមរយៈសារលិខិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ស្អែកនេះ សម្ដេចធិបតី បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចជា ៖ ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បងនិងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម។
សម្ដេចធិបតី គូសបញ្ជាក់ថា «ត្រូវបន្តពង្រឹងនិងលើកកម្ពស់ភាពជាដៃគូរដ្ឋ-ឯកជន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ»។
ក្នុងន័យនេះ សម្ដេចធិបតី ក៏បានស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ សូមបន្ត ចូលរួមគាំទ្រដល់យុទ្ធនាការ ចលនាប្រឡងប្រណាំងនិងការអនុវត្តស្តង់ដានានា ដែលបានដាក់ ចេញកន្លងមក ជាអាទិ៍យុទ្ធនាការ «យុវជននិងទីក្រុងស្អាត» យុទ្ធនាការ «ទេសចរណ៍ម្នាក់ ដើមឈើ មួយដើម» យុទ្ធនាការ “កម្ពុជាស្អាត” យុទ្ធនាការ «សម្អាតទន្លេ សមុទ្រ» ចលនាប្រឡង ប្រណាំង “រង្វាន់ សម្តេចនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ចលនា ប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ចលនាប្រឡងប្រណាំង «បង្គន់អនាម័យសាធារណៈស្អាត» ការអនុវត្តស្តង់ដា «វិថីលក់ម្ហូបអាហារកម្ពុជា» និងស្តង់ដា “តូបលក់ម្ហូបអាហារតាមដងផ្លូវកម្ពុជា» ជាដើម។
សម្ដេចធិបតី បន្ដថា ការជំរុញយុទ្ធនាការ ចលនាប្រឡងប្រណាំង និងការអនុវត្តស្តង់ដាទាំងនេះ នឹងចូលរួម យ៉ាងសំខាន់ក្នុងការប្រែក្លាយទីក្រុងជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានស្នើក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បន្តសហការជាមួយក្រសួង បរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដាក់ចេញចលនាប្រឡងប្រណាំង «ទីប្រជុំជន ទេសចរណ៍ស្អាត» នៅឆ្នាំ២០២៤ ដែលនេះជាការពង្រីកវិសាលភាពនៃយន្តការទីក្រុងស្អាត។ ពិសេស ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ និងការកៀរគរប្រភពធនធាន៕