ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ “បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី” ។
យោងតាមលោក មាស សោភ័ណ្ឌ អ្នកនាំពាក្យសម្តេចធិបតីនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនាឱកាសនេះ ធ្វើឡើងតបតាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនោះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងអញ្ជើញជាអធិបតី ពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន៣ ព្រមទាំងមានការធ្វើសន្និសីទរួមគ្នា រវាងថ្នាក់ដឹកនាំទាំងពីរផងដែរ ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះចៅស៊ូលតង់ ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ីផងដែរ ។
ជុំវិញដំណើរទស្សនកិច្ចផ្លូវការ ជាលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច កៀរគរអ្នកវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ធ្វើយ៉ាងណាដើម្បីសម្រួលទៅដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី៕