ព័ត៌មានជាតិ

កម្មវិធីសប្បុរសធ៌ម “បណ្ណាល័យខ្ញុំ” លើកទី៤ បន្ដផ្ដល់ជូនសៀវភៅ និង សម្ភារៈ សម្រាប់ សិស្សានុសិស្ស សាលាបឋមសិក្សា និង អនុវិទ្យាល័យ ភ្នំបន្ទាយ សិក្សាស្រាវជ្រាវបង្កើនចំណេះដឹង

ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និង ជាអនុប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានសហការរៀបចំ ជាមួយសមាគមគីវានីសកម្ពុជា-តៃវ៉ាន់ សាកលវិទ្យាល័យជាតិកៅស្យុង បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាំយកសម្ភារៈសិក្សា និងសៀវភៅអាន ទៅបំពាក់ជូននៅបណ្ណាល័យ ១បន្ទប់ ព្រមទាំងឧបត្ថម្ភថវិកា សម្រាប់កសាងសួនជីវចម្រុះ នៅសាលាបឋមសិក្សា អនុវិទ្យាល័យភ្នំបន្ទាយ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំភក្ដី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ នេះជាលើកទី៤ហើយ ដែលកម្មវិធី “បណ្ណាល័យខ្ញុំ និងសួនជីវចម្រុះ” បានជួយឧបត្ថម្ភ ដល់សិស្សក្នុងតំបន់ដាច់ស្រយាលខ្វះខាត ឲ្យពួកគេមានលទ្ធភាព ក្នុងការអានសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង ។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យបណ្ឌិត បញ្ជាក់ថា កម្មវិធីសប្បុរសធ៌មនេះ បង្កើតឡើងក្នុងបំណង រៀបចំបណ្ណាល័យ សម្រាប់សិស្សអាន បំពាក់សម្ភារៈ សិក្សា និងសៀវភៅ ក្នុងគោលដៅពង្រឹងសមត្ថភាពសិស្ស ក្នុងការអាន ហើយក៏ជាការលើកស្ទួយដល់ទិវាជាតិ អំណានផងដែរ ។

លោកសាស្ដ្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច មានប្រសាសន៍ថា អំណោយទាំងនេះ បានមកពីការចូលរួម របស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប សាកលវិទ្យាល័យ ជាតិ កៅស៊ុងនៃវិទ្យាសាស្ដ្រ និង បច្ចេកវិទ្យា សមាគមគីវ៉ានីស៍ និង សប្បុរសជននានារួមគ្នា ជួយដល់វិស័យអបរំនៅកម្ពុជា តាមរយៈការចែករំលែក ពីអ្នកមានលទ្ធភាព ជួយដល់អ្នកទន់ខ្សោយខ្វះខាត ដើម្បីចូលរួមជួយដល់មនុស្ស ក្នុងសង្គមបានរីកចំរើនទៅ ព្រមៗគ្នាក្នុងបំណងរួមចំណែក អភិវឌ្ឍសង្គមជាតិឱ្យបានរីកចម្រើន។ ទន្ទឹមនឹងនេះ លោកសាស្ដ្រាចារ្យបណ្ឌិត ក៏បានណែនាំឲ្យសិស្សានុស្សិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ពីថ្នាក់បឋម រហូតដល់វិទ្យាល័យ កុំបោះបង់ការសិក្សា ត្រូវព្យាយាមតស៊ូរៀន ឲ្យបានចប់ថ្នាក់ឧត្តមសិក្សា ដោយយកការអាន ជាមូលដ្ឋានគ្រឹះក្នុងការសិក្សា ដូចសុភាសិត១ឃ្លាបានពោលថា អានច្រើន កើនបញ្ញា ។

លោកសាស្ដ្រាចារ្យបណ្ឌិតក៏បានលើកឡើងថា ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន វាអាចជួយខ្លួនយើង ចេញផុតពីភាពល្ងង់ខ្លៅ ឲ្យទទួលបាននូវភាពថ្កុំថ្កើងរុងរឿង វាមិនត្រឹមតែធ្វើឲ្យមានការ ផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង រួមចំណែកកាត់បន្ថយភាពក្រីក្រ ផ្លាស់ប្ដូរមុខមាត់ប្រទេសជាតិ ផងដែរ ។ ដូចនេះមានតែចំណេះដឹងប៉ុណ្ណោះ ដែលអាចផ្លាស់ប្ដូរយើង ឲ្យមានអនាគតភ្លឺស្វាងរុងរឿង ។

លោក យួន ផេង នាយកអនុវិទ្យាល័យ បន្ទាយភ្នំ បានថ្លែងអំណរគុណ ដល់ម្ចាស់អំណោយ និង បានចាត់ទុកថា ជំនួយឧបត្ថម្ភនាពេលនេះ ជាការជួយសម្រួល ការលំបាកខ្វះខាត ដល់សិស្សានុសិស្សក្នុងការស្វែងរកឯកសារសម្រាប់អាន សិក្សាស្រាវជ្រាវ និង ជាការលើកកម្ពស់ ដល់ការអានរបស់សិស្សានុសិស្ស នៅទីនេះឲ្យកាន់តែប្រសើរ ។
ក្រៅពីនេះកម្មវិធីបណ្ណាល័យ ខ្ញុំក៏បានរៀបចំសួនជីវៈចំរុះដល់សាលាដោយចំណាយថវិកា ចំនួន៦លានរៀល ដើម្បីកែលម្អបរិស្ថានក្នុងសាលា និងជាការបណ្ដុះស្មារតី ឲ្យសិស្សានុសិស្ស ចេះស្រឡាញ់បរិស្ថាន និងចូលរួមថែរក្សាការពារបរិស្ថានផងដែរ ។

គួរបញ្ជាក់ថាអំណោយទាំងនោះរួមមាន សៀវភៅរឿងនិទានចំនួន៣០០ក្បាល ទូដាក់តាំងសៀវភៅ១។ ក្រៅពីនេះសម្រាប់សិស្សានុសិស្ស ៥៦០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ សរសេរ២ក្បាល; ប៊ិច២ ដើម; ខ្មៅដៃ និង ជ័រលុប ១ ព្រមទាំងអាហារសំរន់ថែមទៀត ។ លើសពីនេះ បន្ទាប់ពីបញ្ចប់ការងារ សប្បុរសធម៍រួចមក ក៏មានទស្សនកិច្ច កំសាន្តនៅខេត្តព្រះសីហនុ ដើម្បីជំរុញនិងបង្កើនភាព ស្និទ្ធស្នាលដល់មិត្តភាព របស់សមាជិកចូលរួម និង ផ្លាស់ប្តូរបទពិសោធន៍ ការយល់ដឹងពីការសិក្សា និងការងាររវាងគ្នា និងការរៀបចំសម្រាប់គម្រោងបន្ទាប់ផងដែរ ព្រមទាំងគយគន់ ទេសភាពឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតរបស់កម្ពុជាយើង ៕

To Top