ភ្នំពេញ ៖ ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី បានសម្តែងនូវព្រះរាជហរទ័យ រីករាយ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា ។
សម្តេចធិបតី នារសៀលថ្ងៃទី២៧ កុម្ភៈ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះអង្គចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅម៉ាឡេស៊ី។
ក្នុងព្រះរាជសវនាការនេះ ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar បានសម្តែងនូវការសព្វព្រះរាជហឫទ័យ ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើព្រះរាជបណ្តាំសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ព្រះចៅស៊ុលតង់ អ៉ីប្រាហ៉ីម ក៏បានសម្តែង នូវព្រះរាជហរទ័យ រីករាយ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។
សម្តេចធិបតី បានថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅ ថ្វាយព្រះចៅស៊ុលតង់ អ៉ីប្រាហ៉ីម ដែលបានរាជានុញ្ញាតឲ្យសម្តេចបានចូលក្រាបថ្វាយបង្គំគាល់ និងបានថ្វាយព្រះរាជបណ្តាំសួរសុខទុក្ខរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាថ្វាយព្រះចៅសុលតង់ អ៉ីប្រាហ៉ីម ផងដែរ។
បន្ថែមពីនេះ សម្តេចធិបតី ក៏បានទូលថ្វាយព្រះចៅស៊ុលតង់ អ៉ីប្រាហ៉ីម អំពីការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ នាពេលថ្មីៗនេះ និងបានទូលថ្វាយព្រះចៅស៊ុលតង់ អ៉ីប្រាហ៉ីម អំពីលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចនិងនាយករដ្ឋមន្ត្រី ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ដែលក្នុងនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យជាច្រេីន រួមមាន៖ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យការពារជាតិនិងសន្តិសុខ និងវិស័យអប់រំនិងបណ្តុះបណ្តាល ជាដើម ៕