ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញបើកសន្និបាត លទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានមានប្រសាសន៍ថា សន្និបាតរបស់ក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដូចឆ្នាំកន្លងទៅផងដែរ ប៉ុន្តែបន្ថែមនូវរបៀបវារៈចំនួន ២ទៀត គឺ៖

ទី១. ការផ្សព្វផ្សាយដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពីឆ្នាំ២០២៤-២០២៨ ដែលជាផែនទីបង្ហាញសម្រាប់ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយនឹងធ្វើឡើង បន្ទាប់ពីអគ្គលេខាធិការដ្ឋាន ធ្វើសេចក្តីរាយការណ៍សង្ខេប នូវសេចក្តីព្រាង របាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤របស់ក្រសួងមហាផ្ទៃ ។

ទី២. ការប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម នឹងធ្វើឡើងបន្ទាប់ពីការ ប្រកាសលទ្ធផល ចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” នាព្រឹកស្អែក ។

លោកឧបនាយករដ្ឋមន្ដ្រី ក៏បានទាញការចាប់អារម្មណ៍ផងដែរថា សន្និបាតក្រសួង មហាផ្ទៃឆ្នាំនេះ ធ្វើឡើងក្រោយ សន្និបាត របស់រដ្ឋបាល រាជធានី ខេត្ត ក្នុងគោល បំណងធានាឲ្យរបាយការណ៍ បូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាលទ្ធផលនៃការពិភាក្សាក្នុងអង្គសន្និបាត ប្រមូលបានធាតុចូលយ៉ាងទូលំទូលាយពីរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ ក្រសួងបានកំណត់ប្រធានបទសំខាន់ៗ សម្រាប់ការពិភាក្សា ដែលមានលក្ខណៈឆ្លុះបញ្ចាំង ទៅលើទិដ្ឋភាពជាក់ស្តែង នៃសភាពការណ៍សន្តិសុខ និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ព្រមទាំង ឆ្លើយតបទៅនឹងការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី ការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខ ជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពីឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងនេះ លោក ឧបនាយករដ្ឋមន្ដ្រី ក៏បានបន្ដថា ហេតុនេះ ការជួបជុំក្នុងសន្និបាត ក្រសួងមហាផ្ទៃឆ្នាំនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ធ្វើការពិនិត្យ វាយតម្លៃលើលទ្ធផលការងារ ដែលក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំប្រឹងប្រែង សម្រេចបានក្នុងឆ្នាំ២០២៣ និងបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីរួមគ្នាកំណត់ទិសដៅ សម្រាប់អនុវត្តសកម្មភាព អាទិភាពនានា ដែលបានកំណត់នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

To Top