ភ្នំពេញ ៖ លោកបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភាបានស្នើប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ឲ្យមកបណ្ដាក់ទុន និងធ្វើទេសចរណ៍កម្សាន្តនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។
ការស្នើនេះនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសលោកបណ្ឌិត អនុញ្ញាតឲ្យលោកស្រីម៉ាទីណា-ស្ទែម ហ្វីប៊ិច (Martina-Stamm Fibich) ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសម។
ក្នុងជំនួបលោក ជាម យៀប បានលើកឡើងថា រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-អាល្លឺម៉ង់ នៅគ្រប់នីតិកាលនៃរដ្ឋសភាជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការនេះបាននាំមកនូវទំនាក់ទំនងការទូតសភាទាំងពីរយ៉ាងល្អប្រពៃ។ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានធ្វើការយ៉ាង សកម្មនៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងកិច្ចការសភាពីគ្នាទៅវិញទៅមក ហើយសភាកម្ពុជាបានសិក្សារៀនសូត្រជាច្រើន ពីសភាអាល្លឺម៉ងតាម រយៈដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីផ្សេងៗ។
ចំណែកលោកស្រី ម៉ាទីណា-ស្ទែម ហ្វីប៊ិច លើកឡើងថា មិត្តភាពសភានៃប្រទេសទាំងពីរ អាល្លឺម៉ង់-កម្ពុជា គួរបន្តពិភាក្សាគ្នា សម្រាប់ការសិក្សាផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។ លោកស្រីបន្ថែមថា គណៈប្រតិភូមានបំណងចង់សិក្សាស្វែងយល់ បន្ថែមទៅលើ គម្រោងមួយចំនួនដែលកំពុងដំណើរការ ដើម្បីជំរុញឲ្យគម្រោងទាំងនោះកាន់តែល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះដែរ លោកអនុប្រធានទី១រដ្ឋសភាក៏បានវាយតម្លៃចំពោះប្រសាសន៍របស់ លោកស្រីដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា រវាងប្រទេសទាំងពីរ៕