ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក VnExpress បានរាយការណ៍ ដោយដកស្រង់សម្តី អ្នកផ្តល់ទិន្នន័យហិរញ្ញវត្ថុ FiinGroup ថា ចំនួនគណនីឌីជីថល សកម្មនៅក្នុងប្រទេសវៀតណាម នឹងកើនឡើងពី ៤០ភាគរយដល់ ៥០ លាននៅចុងឆ្នាំនេះ ។
យោងតាមក្រុមហ៊ុន FiinGroup បានឱ្យដឹងថា ចំនួនកាបូបអេឡិចត្រូនិក នៅក្នុងប្រទេសវៀតណាម បានកើនឡើងយ៉ាង រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
គិតត្រឹមឆ្នាំ២០២៣ វៀតណាម មានកាបូបអេឡិចត្រូនិកចំនួន ៣៦លានគណនី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ចាប់តាំងពីឆ្នាំ២០១៨ ចំនួន និងតម្លៃនៃប្រតិបត្តិការដែលបានធ្វើឡើងតាមរយៈកាបូបអេឡិចត្រូនិចបានកើនឡើង ៨០,៤ភាគរយ និង ៨៣,៥ភាគរយរៀងគ្នាក្នុងមួយឆ្នាំ។
យោងតាមទិន្នន័យស្ថិតិរបស់អាល្លឺម៉ង់ Statista ចំនួនគណនីអេឡិចត្រូនិក នៅក្នុងប្រទេសវៀតណាម គឺនៅពីក្រោយប្រទេស ឥណ្ឌូនេស៊ី និងហ្វីលីពីនប៉ុណ្ណោះ នៅអាស៊ីអាគ្នេយ៍៕
ប្រែសម្រួល ឈូក បូរ៉ា