ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ផ្ដាំមន្រ្ដីជាប់កិច្ចសន្យាទាំងអស់ ត្រូវជៀសវាង ឱ្យបានជាដាច់ខាត ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់

ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាល ជាមួយមន្ដ្រីជាប់កិច្ចសន្យា ដែលបានជ្រើសរើសចូលបម្រើការងារ នៅក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ត្រូវជៀសវាងឱ្យបានជាដាច់ខាត ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ជំនួបសំណេះសំណាលនេះ មានការចូលរួម ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី ប្រធាននាយកដ្ឋាន និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន៨៧នាក់។

យោងតាមរបាយការណ៍សង្ខេបដោយ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទមានមន្ដ្រីជាប់កិច្ចសន្យា សរុបចំនួន៨៧រូប ក្នុងនោះ នៅទីស្ដីការក្រសួងមានចំនួន៥៧រូប និងនៅតាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត មានចំនួន ៣០រូប ។

គួរជម្រាបជូនផងដែរថា តាមរយៈកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ដើម្បីប្រសិទ្ធភាពការងារ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចូលបម្រើការងារ នៅក្នុងក្រសួងនាពេលនេះ គឺជាការជ្រើសរើសមន្ត្រីកិច្ចសន្យា មានជំនាញបច្ចេកទេស មិនមែនជាមន្ត្រីជួយតែកិច្ចការ រដ្ឋបាល បន្តិចបន្តួចនោះទេ ។

ក្នុងឱកាសនោះផងដែរ លោក ឆាយ ឫទ្ធិសែន បានសម្ដែងការអបអរសាទរ និងស្វាគមន៍ចំពោះមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ព្រមទាំងបានពាំនាំនូវបណ្ដាំផ្ញើ សាកសួរសុខទុក្ខ ប្រកបដោយក្ដីស្រឡាញ់ នឹករលឹក និងពរសព្ទសាធុការ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដែលមានវត្តមាននាឱកាសនោះ។

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភាពដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ និងប្រកបដោយភាពប្រាកដនិយម ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដែលសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់ ។

លោករដ្ឋមន្ដ្រី បានបន្ដមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់លើការសម្រេចឱ្យបាន តាមចក្ខុវិស័យរបស់ខ្លួន គឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤. ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស ក្នុងគោលបំណងធានា ការបង្កើនប្រាក់ចំណូលគ្រួសារ នៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅ ប្រជាជននៅជនបទ ឱ្យកាន់តែល្អប្រសើរឡើង។

ជាចុងបញ្ចប់ លោក ឆាយ ឫទ្ធិសែន បានផ្ដល់អនុសាសន៍ និងការផ្ដាំផ្ញើជូនមន្រ្ដីជាប់កិច្ចសន្យាទាំងអស់ ដូចខាងក្រោម៖

១/ ត្រូវខិតខំយកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ច តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ដោយផ្អែកលើគុណវុឌ្ឍិ ចំណេះដឹង និងជំនាញរបស់ខ្លួន
២/ ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង មានវិន័យ ក្របសីលធម៌ និងគោរពតាមច្បាប់ស្ដីពី សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល
៣/ ត្រូវខិតខំបន្ដអភិវឌ្ឍសមត្ថភាព និងយកចិត្តទុកដាក់រៀនសូត្រ ស្វែងយល់បន្ថែមពីការងារថ្មី ពីថ្នាក់ដឹកនាំ និងមន្ដ្រីរៀមច្បងដែលមានបទពិសោធន៍ច្រើន
៤/ ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវចេះសុំគោលការណ៍ ពេលជួបបញ្ហាផ្សេងៗ
៥/ ត្រូវចូលរួមចលនាសង្គមនានាដើម្បីជាការចូលរួមអភិវឌ្ឍសង្គមជាមួយនឹងរាជរដ្ឋាភិបាល
៦/ ត្រូវជៀសវាងឱ្យបានជាដាច់ខាត ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងត្រូវចូលរួមអនុវត្តនូវវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ៕

To Top