ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ឈាង រ៉ា ស្នើមិត្តចិន ជួយលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា តាមរយៈធ្វើទំនើបកម្ម AI

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃប្រទេសចិន ជួយលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា តាមរយៈការជួយធ្វើទំនើបកម្ម ក្នុងការផលិតសារអប់រំ តាមតាមបច្ចេកវិទ្យាទំនើប AI។

នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Lam Chun-wah, Parson ជានាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាល ពិសេសទីក្រុងហុងកុង មានទីស្នាក់ការនៅទីក្រុង បាងកក នាថ្ងៃទី២៩ កុម្ភៈ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Lam Chun-wah, Parson នាយកការិយាល័យ និងសហការីដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។

លោកនាយក Lam Chun-wah, Parson បានបញ្ជាក់អំពីគោលបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការលើកកម្ពស់ការវិនិយោគជាមួយកម្ពុជា លើវិស័យសុខាភិបាលដូចជា ឱសថ ផលិតផលសុខភាព ឧបករណ៍វេជ្ជសាស្ត្រ និងការគ្រប់គ្រងមន្ទីរពេទ្យបែបទំនើប ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានប្រាប់នាយក នៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង អំពីអាទិភាព វិស័យ សុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង ៣ចំណុច និងបានសំណូមពរ ដល់ភាគី មិត្តពិចារណាលទ្ធភាពសហប្រតិបត្តិការ ក្នុងការចូលរួមលើកកម្ពស់ សុខភាពប្រជាជនកម្ពុជា តាមរយៈការជួយធ្វើ ទំនើបកម្មក្នុងការផលិតសារអប់រំតាមតាមបច្ចេកវិទ្យាទំនើប AI ឬការផ្ដល់សម្ភារ បរិក្ខារវេជ្ជសាស្ត្រទំនើប និងពិចារណាពីលទ្ធភាពក្នុង ការបង្កើតមន្ទីរពេទ្យឯកជនលំដាប់អន្តរជាតិ ដែលមានបំពាក់សម្ភារ បរិក្ខារវេជ្ជសាស្ត្រទំនើប និងមានធនធានមនុស្សគ្រប់គ្រាន់ ការចែករំលែកគំនិត និងចំណេះដឹងក្នុងកាលើកទឹក ចិត្តបុគ្កលិកសុខាភិបាល ឲ្យស្ម័គ្រចិត្តអាចបំពេញការងារនៅតាមតំបន់ដាច់ស្រយាល ព្រមទាំងស្វាគមន៍ដល់ការចែករំលែកបទពិសោធន៍ ស្ដីពីការផ្តល់សេវាសុខាភិបាល តាមរយៈប្រព័ន្ធពិនិត្យជំងឺពីចំងាយ (Telemedicine) និងការអភិវឌ្ឍន៍ Digital Health។

ជាការឆ្លើយតប លោកនាយកប្រធានប្រតិភូ បានថ្លែងនូវអំណរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងទទួលយកប្រសាសន៍ របស់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងពិចារណាគិតគូពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ វិស័យសុខាភិបាល និងស្វាគមន៍អញ្ជើញគណៈប្រតិភូក្រសួងសុខាភិបាល ទៅបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង នាពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកនាយក នៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង ដែលបានបញ្ជាក់ជំហរ ក្នុងការរួមចំណែកគាំទ្រកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ៕

To Top