ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ផ្តើមយុទ្ធនាការផ្ទៃទឹកស្អាត កាត់បន្ថយការបំពុលក្នុងផ្ទៃទឹក ដើម្បីសុខភាពប្រជាជន

ភ្នំពេញ ៖ ទឹកស្អាតជាប្រភពដ៏សំខាន់ សម្រាប់ទ្រទ្រង់ជីវិត ហើយស្របនឹងឃ្លា ដែលបានលើកឡើងនេះ ក្រសួងបរិស្ថាន បានឈានមួយជំហានឆ្ពោះ ទៅការទប់ស្កាត់ការបំពុល ទៅក្នុងផ្ទៃទឹក តាមរយៈការកាត់បន្ថយប្រភពបំពុលទៅក្នុងទឹក ដើម្បីជួយបង្ការសុខភាពប្រជាពលរដ្ឋកម្ពុជាពីការទទួលទាន និងប្រើប្រាស់ទឹក ដែលមានប្រភពមិនស្អាត។ លើសពីនេះ ក៏ដូចជាការការពារដល់ជីវចម្រុះ ដែលមានជីវិតក្នុងទឹកដូចជាត្រី រុក្ខជាតិ និងធនធានធម្មជាតិ នៅក្នុងទឹក ជាច្រើនទៀត ។
នេះបើយោងតាមការថ្លែង ឱ្យដឹងពី លោកអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធី ផ្សព្វផ្សាយបើកយុទ្ធនាការ សម្អាតទន្លេ និងយុទ្ធនាការបំពាក់ ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស នៅទីស្តីការក្រសួង នាថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានអំពាវនាវ និង ជំរុញដល់រោងចក្រ សហគ្រាសទាំងអស់ ចូលរួមជាមួយយុទ្ធនាការ កាត់បន្ថយការបំពុលទៅ ក្នុងបរិស្ថាន តាមរយៈការបំពាក់ នូវឧបករណ៍ តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៅតាមរោងចក្រ សហគ្រាស លើការបង្ហូរ កាកសំណល់ចេញ មុនការអនុវត្តច្បាប់ជា-កាតព្វកិច្ច ដើម្បីការពារសុខភាព ប្រជាពលរដ្ឋផង និងការពារប្រយោជន៍ ជូនដល់រោងចក្រ សហគ្រាសផង ។
ផ្អែកលើការងារនេះ ក្រសួង បរិស្ថានក៏បានគិតគូរ និងរៀបចំសម្រួល ជួយដល់អ្នកវិនិយោគទាំងអស់ ឱ្យទទួលបានការបំពាក់នូវ ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅគ្រប់រោងចក្រ សហគ្រាសទាំងអស់ នៅទូទាំងប្រទេស ។

ស្របនឹងការថ្លែងឡើង របស់លោករដ្ឋមន្រ្តី ក្រុមហ៊ុន រោងចក្រ សហគ្រាស បានគាំទ្រនឹងវិធានការតម្រូវ ឱ្យបំពាក់ឧបករណ៍ តាមដាន ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដែលបានដាក់ចេញនេះ និងបានស្នើសុំឱ្យ ក្រសួងបរិស្ថាន ពិនិត្យ និងសម្រួលលើបញ្ហាតម្លៃ បំពាក់ឧបករណ៍ដំបូង និងតម្លៃថែទាំឧបករណ៍ផងដែរ ដើម្បីជំរុញឱ្យការវិនិយោគ របស់ពួកគេប្រកប ដោយភាពទទួលខុស ត្រូវនៅក្នុងសង្គម៕

To Top