ភ្នំពេញ ៖ ក្រសួងបរិស្ថាន និយាយតិច តែបានធ្វើការងារច្រើន ក្នុងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុសកល បើទោះជានៅមានការខ្វះខាតធនធានថវិកាក្តី» នេះ ជាការថ្លែងឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងសិក្ខាសាលាបិទបញ្ចប់កម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ។
លោក បានបន្តទៀតថា ការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា នាពេលនេះ គឺដោយមានកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋាន គោលនយោបាយ និងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន និងកម្មវិធី CCCA3 ក្នុងភាពជា ដៃគូជាមួយសហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលស៊ុយអ៊ែត (Sweden) និងដៃគូពាក់ព័ន្ធ ទាំងអស់ ដែលបានរៀបចំនិងអនុវត្តកម្មវីធី CCCA3 ប្រកបដោយភាព ជោគជ័យគួរជាទីមោទនៈ ក្នុងការចូលរួមឆ្លើយតបការប្រែប្រួល អាកាសធាតុទាំង នៅកម្រិតជាតិ និងអន្តរជាតិ។ ស្របតាមគោលនយោបាយ កិច្ចផ្តួចផ្តើម និងយុទ្ធសាស្ត្រជាបន្តបន្ទាប់ នេះហើយដែលជាមូលដ្ឋានគ្រឹះសម្រាប់ គំរូនៃការអភិវឌ្ឍន៍ឆ្ពោះទៅថាមពលក កើតឡើងវិញ ការពង្រឹង បទប្បញ្ញត្តិបរិស្ថាន និងការរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់វិស័យ នៃសេដ្ឋកិច្ចរបស់កម្ពុជាយើង ។
ជាមួយគ្នានេះ លោក អីហ្គរ ទ្រីសមែន (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុប បានថ្លែងដែរថា ការបង្ហាញភាពជោគជ័យ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួល អាកាសធាតុនាពេលនេះ គឺជាសក្ខីកម្មនៃគំនិតផ្តួចផ្តើមអស់រយៈពេល១៥ឆ្នាំ របស់យើងក្នុងភាពជាដៃគូដ៏រឹងមាំ រវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា ក្នុងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចខិតខំប្រឹងប្រែង ឱ្យអស់លទ្ធភាពជាតិ និងអន្តរជាតិ ក្នុងការប្តេជ្ញាចិត្តបង្ការ មិនឱ្យមានការកើនកំដៅផែនដី លើសពី២.០អង្សារសេ ឱ្យមកនីត្រឹមតែ១.៥អង្សារសេ ។
ចំណែកកញ្ញា Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) ក៏បានលើកឡើងដែរថា ការប្តេជ្ញាចិត្តឥតងាករេរបស់ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្នុងសកម្មភាព អាកាសធាតុ និង ប្រែក្លាយរបៀបវារៈអាកាសធាតុពី ការទទួលខុសត្រូវ ទៅជាកត្តាជំរុញសេដ្ឋកិច្ច ដើម្បីឈានទៅដល់ការអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈបេសកកម្មដ៏ធំចម្បងនេះ នឹងនាំកម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន ដោយមានសសរត្តម្ភ ៣ដែលជាការងារអាទិភាពរបស់ក្រសួង គឺភាពស្អាត ភាពបៃតង និងចីរភាព ៕