ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ករណីចាក់ថ្មរំលោភយកទន្លេ បច្ចុប្បន្នម្ចាស់ដីកាយថ្ម ចេញវិញបាន ៧០ % ដោយម្ចាស់ដីប្តេជ្ញា កាយឲ្យរួចរាល់ ក្នុងរយៈពេល ១០ថ្ងៃទៀត

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ម្ចាស់ដីដែលចាក់ថ្មរំលោភយកទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បច្ចុប្បន្នអនុវត្តវិធានការ របស់រដ្ឋបាលខេត្ត ដោយកាយយកថ្មចេញ ពីទន្លេបានលទ្ធផល ៧០ % ហើយបច្ចុប្បន្នម្ចាស់ដី កំពុងបន្តការយកថ្មចេញ ឲ្យបាន រួចរាល់ ១០០ % ក្នុងកំឡុងពេល ១០ថ្ងៃទៀត ។

លោកអភិបាលខេត្ត បានបញ្ជាក់ដូច្នេះនៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៤ ខណៈពេលដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល នូវសកម្មភាព ការ កាយយកថ្មចេញពីទន្លេ ស្ថិតនៅចំណុចដីកើតហេតុ ក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ថ្ងៃនេះគឺជាថ្ងៃទី ៧ ហើយ បន្ទាប់ពីខាងម្ចាស់ដី ដែលបានចាក់ថ្ម រំលោភលើទន្លេ ។ ប៉ុន្តែក្រោយអនុវត្តតាមវិធានការ របស់អាជ្ញាធរខេត្ត ម្ចាស់ដីបានប្រើគ្រឿងចក្រដើម្បីកាយថ្មចេញពីទន្លេវិញ រហូតមកដល់ពេលនេះ បើពិនិត្យមើលតាមស្ថានភាពជាក់ស្ដែង ផ្នែកនៅលើផ្ទៃទឹកគឺបានយកចេញអស់ហើយ ។ ទន្ទឹមនឹងនេះអ្វី ដែលជាការងារបន្ត ពួកគាត់ត្រូវបំពេញ ទៅតាមការកំណត់របស់រដ្ឋបាលខេត្ត គឺត្រូវយកថ្មឲ្យអស់ទាំងផ្នែកខាងលើ និងផ្នែកខាងក្រោម ។

លោកអភិបាលខេត្ត បានបន្ថែមថា ចំពោះមុខ ម្ចាស់ដីបានកាយថ្ម ចេញសម្រេចបាន ៧០% ហើយពួកគាត់កំពុងបន្ត កាយយកថ្មចេញ ធ្វើយ៉ាងណាឲ្យអស់ពីទន្លេ ដើម្បីចៀសវាងការប៉ះពាល់ នៃការធ្វើដំណើររបស់នាវាចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទីនេះ ជាពិសេសគឺអនុវត្តទៅតាមគោលការណ៍នែនាំរបស់រដ្ឋបាលខេត្ត ដែលបានកំណត់ឲ្យពួកគាត់យកថ្មចេញអស់ធ្វើយ៉ាងណារក្សាស្ថានភាពដើមនៃទន្លេវិញ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ជាមួយនឹងការចុះពិនិត្យដោយផ្ទាល់នេះ លោកបានណែនាំដល់មន្ត្រីនៃមន្ទីរធនធានទឹក សហការការងារជាមួយនឹងក្រុមការងារប្រមូលថ្មចេញ ដោយត្រូវដាក់ពូងកំណត់ព្រំប្រទល់ និងការកំណត់ជម្រៅទឹក និងឈានដល់ការតាមដានអង្កេត និងការចូលរួមសហការពេលក្រុមជំនាញពាក់ព័ន្ធ មានទាំងខាងមន្ត្រីមន្ទីរធនធានទឹក និងមន្ត្រីមន្ទីរសាធារណការ ក៏ដូចជាមន្ទីរបរិស្ថានជាដើម ដើម្បីធ្វើកិច្ចការនេះឲ្យប្រាកដថា ថ្មត្រូវបានយកចេញអស់ពីទឹកទន្លេនោះ ។

លោកអភិបាលខេត្ត បានយកឱកាសនោះ សូមបញ្ជាក់ជូនសាធារណៈជន ដែលបានតែងតែគាំទ្រ នូវចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ចាម និងបានផ្ដល់នូវយោបល់មករដ្ឋបាលខេត្ត អញ្ចឹងអ្វីដែលយើងបានឃើញនៅទីនេះ គឺអាជ្ញាធរខេត្តបានរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាឱ្យភូមិ ឃុំ ស្រុក ខេត្តរបស់យើងនេះ ទទួលបាននូវការរស់នៅ ប្រកបដោយសុខដុមរមនា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាផ្នែកមួយដែលនាំមកនូវការអភិវឌ្ឍន៍ និងការរីកចម្រើនដល់ប្រជាពលរដ្ឋរបស់យើង ៕

To Top