ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ សំឡេងគាំទ្រ របស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីតម្លៃប្រជាធិបតេយ្យ នៅកម្ពុជា

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្ស ប្រជាជនកម្ពុជា បានទទួលប្រជាប្រិយភាព កាន់តែខ្លាំង ពីមួយអាណត្តិទៅមួយអាណត្តិ តាមរយៈសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបន្តកើនឡើងឥតឈប់ឈរ ដែលនេះជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីតម្លៃ នៃប្រជាធិបតេយ្យនៅកម្ពុជា ។

តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២ មីនានេះ លោក ប៉ែន បូណា មានប្រសាសន៍ថា ប្រជាប្រិយភាពនៅក្នុងប្រទេសឆ្លុះបញ្ចាំង តាមរយៈការបោះឆ្នោត ពីរលើកចុងក្រោយ៖ ទី១គឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ ២០២៣៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ រហូតដល់ទៅជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដោយដណ្តើមបាន ១២០ អាសនៈក្នុងចំណោម១២៥ អាសនៈនៅក្នុងរដ្ឋសភា ។ ចំណែកការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ កុម្ភៈកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ដល់ទៅជិត៩៥% នៃចំនួនអង្គបោះឆ្នោត សរុបដោយត្រូវកាន់កាប់ ៥៥ អាសនៈក្នុងចំណោម៥៨អាសនៈ ដែលចេញពីការ បោះឆ្នោតអសកល ។ សំឡេងគាំទ្រ ទាំងនេះកើនឡើងខ្ពស់ហួសពីការរំពឹងទុក។

លោកបន្ថែមថា នៅឯក្រៅប្រទេសឯណោះវិញ គ្រប់ទ្វីបដែលមានពលរដ្ឋខ្មែររស់នៅ ចំនួនអ្នកគាំទ្រ រាជរដ្ឋាភិបាលបានកើនឡើងដូចទឹកបាក់ទំនប់។ ជាក់ស្តែង នៅគ្រប់ទិសទី ដែលប្រមុខដឹកនាំកម្ពុជាទៅដល់ មានពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ បានស្កាត់មកទទួលស្វាគមន៍ អបអរសាទរ និងចង់ជួបសំណេះសំណាល ។ តាំងពីអាម៉េរិក អឺរ៉ុប រហូតដល់អូស្ត្រាលី ចំនួនអ្នកគាំទ្រ រាជរដ្ឋាភិបាល បានកើនឡើងជាលំដាប់ ខណៈដែលសំឡេងអ្នកធ្វើបាតុកម្មប្រឆាំង កាន់តែខ្សត់ខ្សោយទៅៗ ស្ទើរតែរីងស្ងួតទៅហើយ។

លោកលើកឡើងថា ប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាល ដែលបានកើនឡើងយ៉ាងលឿនបែបនេះ ក៏ព្រោះតែសមិទ្ធផលធំធេងអស្ចារ្យ ដែលរាជរដ្ឋាភិបាល បានសាងជូនប្រជាពលរដ្ឋខ្មែរ ជាពិសេស គឺសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យដែលប្រជាពលរដ្ឋបាននឹងកំពុងទទួលផល។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរចេះ បែងចែករវាងសភាវៈល្អនិងសភាវៈអាក្រក់ រវាងអ្នកដែលខិតខំធ្វើការងារ ពិតប្រាកដដើម្បីបម្រើប្រទេសជាតិ និងប្រជាជន និងអ្នកដែលមិនបានធ្វើអ្វីសោះហើយ អង្គុយចាំតែនិយាយ បរិហារអ្នកដទៃ។

អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា «ប្រជាប្រិយភាពដែលរាជរដ្ឋាភិបាលទទួលបាន គឺជាយុត្តិធម៌ដែលផ្តល់ដោយប្រជាពលរដ្ឋម្ចាស់ប្រទេស ហើយវាជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃ នៃប្រជាធិបតេយ្យនៅកម្ពុជា» ៕

To Top