ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា ដើម្បីលើកកម្ពស់ ទំនាក់ទំនងមិត្តភាព ហើយនាំមកនូវផលប្រយោជន៍ដ៏ធំធេង ទៅវិញទៅមក សម្រាប់ប្រជាជនប្រទេសទាំងពីរ ។
នាឱកាសអនុញ្ញាតឲ្តលោក ច សូ មីន (Kyaw Soe Min) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ចូលជួបជូនសារតាំង និងសម្តែងការគួរ សម នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សម្តេច សាយ ឈុំ បានកត់សម្គាល់ ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ កម្ពុជា-មីយ៉ាន់ម៉ា មានប្រវត្តិទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរលង់មកហើយ និងជាប្រទេស ដែលគោរពប្រតិបត្តិសាសនាព្រះពុទ្ធដូចគ្នា។
សម្តេចមានជំនឿជឿជាក់ថា ក្នុងឋានៈ លោកជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋមីយ៉ាន់ម៉ាប្រចាំកម្ពុជា លោកនឹងបន្តខិតខំពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរកាន់តែ ប្រសើរឡើងថែមទៀត ។
សម្តេចប្រមុខរដ្ឋស្តីទីគូសបញ្ជាក់ថា «ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញ ទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ»។
ក្នុងឱកាសនោះដែរ លោក ច សូ មីន បានថ្លែងអំណរគុណថ្នាក់ដឹកនាំកម្ពុជា ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា ក្នុងការចូលរួមទប់ស្តាត់ នៃការរីករាលដាលជំងឺកូវីដ១៩ នាពេលកន្លងទៅ ។
លោកឯកអគ្គរដ្ឋទូតក៏បានប្តេជ្ញាថា នឹងខិតខំថែរក្សា នូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ ដែលមានតាំងពីយូរលង់ណាស់ មកហើយ និងជាប្រតិ្តសាស្ត្ររវាងប្រទេសកម្ពុជា និងសាធារណរដ្ឋមីយ៉ាន់ម៉ា ដើម្បីជាផលប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ៕