ព័ត៌មានជាតិ

កម្ពុជា កំពុងពង្រឹង ការគ្រប់គ្រង ធនធានធម្មជាតិ និងអភិរក្ស សត្វព្រៃកម្រ

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក នៅថ្ងៃទី៣ មីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបង្ហាញពីការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសអភិរក្សសត្វព្រៃនៅកម្ពុជា សំដៅលើកកម្ពស់ការយល់ដឹង របស់មហាជនអំពីមរតកធម្មជាតិ ដ៏មានតម្លៃសម្រាប់មនុស្សជាតិ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៤ មីនា នេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា កម្ពុជា មានតំបន់ការពារធម្មជាតិ ចំនួន៧៣កន្លែង មានផ្ទៃដីជាង៧លានហិចតា ស្មើនឹង៤០% នៃផ្ទៃដីប្រទេស ។ លោកថា បើយោងតាមផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានារកឃើញថា សត្វព្រៃនៅកម្ពុជាមានប្រមាណ ២០៨៥ ប្រភេទ (ថនិកសត្វ=១៤៧ បក្សី=៥៤៣ ល្មូន=១៤៥ ថលជលិគ=៥៩ ត្រី=១០៩៣ និងសត្វល្អិត=៩៨)

លោកអះអាងថា ក្រសួងបរិស្ថាន និងអង្គការដៃគូធ្វើការអភិរក្ស ដោយផ្តោតសំខាន់ទៅលើប្រភេទសត្វ ដែលមានដោយកម្រ ជិតផុតពូជ និងកំពុងគំរាមកំហែង ចំនួនប្រមាណ ១២៣ប្រភេទ (ថនិកសត្វ=២៥ បក្សី=៣៣ ល្មូន=២១ ថលជលិគ=៩ និងត្រី=៣៥) ។ ជាមួយគ្នានេះ ប្រភេទសត្វជិតផុតពូជ ដែលមានច្រើនជាងគេនៅកម្ពុជារួមមាន ៖ ថនិកសត្វមាន ទន្សោង បក្សីមានក្ងរ (ត្រយ៉ង) យក្សចាបតេតកម្ពុជា និងត្រយ៉ងចំកកសជាដើម ។

លោកបន្ថែមថា កម្ពុជាក៏ចាត់ទុកជាប្រទេស ដែលមានវត្តមានប្រភេទសត្វ មានដោយកម្រជិតផុតពូជ និងកំពុងគំរាមកំហែងច្រើនដូចជា៖ ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចំកកស និងចាបតេតកម្ពុជា ជាដើម មានវត្តមានតិចជាងប្រទេស ជិតខាងដូចជា ដំរីអាស៊ី និងខ្ទីងជាដើម។

លោកថា កម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ខ្លាំង សហការការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ការពារមតរកធម្មជាតិ រួមមានព្រៃឈើ សត្វព្រៃនិង ជីវៈចម្រុះ ដើម្បីបន្តទុកដល់កូនចៅជំនាន់ក្រោយ និងជាពិសេសធានាដល់ថែរក្សាប្រព័ន្ធអេកូឡូស៊ី ប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងឆ្ពោះទៅសម្រេចទស្សនវិស័យប្រទេសអព្យាក្រឹត្យកាបូនឆ្នាំ២០៥០។

សូមបញ្ជាក់ថា ក្នុងវិធានការបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថាន មិនត្រឹមតែបន្តពង្រឹងលើការ អនុវត្តច្បាប់លើវិធាន៤ចំណុច ក្នុងនោះដោយអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើស ធនធានធម្មជាតិហើយ ក៏បានផ្តោតសំខាន់លើការអភិវឌ្ឍ ជំរុញការដាំដើមឈើឲ្យច្រើន ជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើ ឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព ។ តាមរយៈនេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា ឆ្នាំ២០២៣ នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះ ៕

To Top