ព័ត៌មានជាតិ

ក្រុមហ៊ុន Enserv Holding Australiaដំបូងគេហើយ ចង់វិនិយោគ ការកែច្នៃដំណាំស្ពៅ (Sorghum) ទៅជាអង្ករ នៅកម្ពុជា

ភ្នំពេញ ៖ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australiaដែលជាក្រុមហ៊ុនដំបូងគេហើយ បានបង្ហាញពីបំណងរបស់ក្រុមហ៊ុន ទៅកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីបំណងក្នុងការស្វែងរកឱកាស វិនិយោគលើដំណាំ ស្ពៅ នៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេច សម្រាប់នាំចេញទៅក្រៅប្រទេស ។

បើតាមប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចធិបតី អំពីសកម្មភាពអាជីវកម្ម របស់ក្រុមហ៊ុន ដែលផ្ដោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលមានសមត្ថភាពកែច្នៃដំណាំនេះ ទៅជាអង្ករមានកាឡូរីទាប តែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ ទៅជាជីវៈឧស្ម័ន្ម (Biogas)។ លោកថា ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើន ដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិក ពីបរិយាកាសផងដែរ ។

លោកប្រធានក្រុមហ៊ុន បន្ថែមទៀតថា ដោយពិនិត្យឃើញ អំពីសក្ដានុពល នៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជា ដែលមានលក្ខណៈ អំណោយផល ទៅលើប្រភេទដំណាំនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញ ពីបំណង របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាស វិនិយោគលើដំណាំនេះ នៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផល សម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស ។ ការបង្ហាញបំណងរបស់ក្រុមហ៊ុន ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ជាការឆ្លើយតប សម្តេចធិបតីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការសម្របសម្រួល របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ៕

To Top