ព័ត៌មានជាតិ

AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស

ភ្នំពេញ ៖ អង្គការមូលនិធិ ថែទាំសុខភាព អ្នកជំងឺ អេដស៍ (AHF) បានលើកឡើងថា សម្រាប់ទិវាអន្តរជាតិនារី បានផ្តល់សិទ្ធិអំណាច ដល់ស្ត្រីឆ្ពោះទៅការទទួល បានសិទ្ធិស្មើគ្នាដូចបុរស ។

ការបញ្ជាក់បែបនេះ ខណៈអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នឹងប្រារព្ធទិវាអន្តរជាតិនារី នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃ៧ មីនា ២០២៤ខាងមុខ ។

អង្គការបញ្ជាក់ថា «ក្នុងឱកាសទិវាអន្តរជាតិនារីថ្ងៃនេះ យើងសូមអបអរសាទរ ចំពោះការអភិវឌ្ឍន៍ដ៏អស្ចារ្យ ដែលស្ត្រីជាច្រើនបាននិងកំពុងប្រឹងប្រែង ដើម្បីឆ្ពោះទៅរកការទ ទួលបានសិទ្ធិស្មើគ្នាជាមួយបុរស ការទទួលបានសេវាថែទាំសុខភាព ។ ស្របពេលជាមួយគ្នានេះដែរ យើងត្រូវតែចងចាំថា ពិភពលោកនៅតែបន្ត ដំណើរនៅលើផ្លូវដ៏វែងឆ្ងាយ មុននឹងឈានទៅដល់ការលើកកម្ពស់ស្រ្តីទូទាំងពិភពលោកទទួលបានសុវត្តិភាពនិងសុខមាលភាព»

ព្រឹត្តិការណ៍ទិវាអន្តរជាតិនារី របស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា នឹងប្រារព្ធឡើង ដើម្បីលើកកម្ពស់សំឡេងស្ត្រី និងកុមារី ដោយមានការចូលរួម សិស្សានុសិស្ស វិទ្យាល័យ លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធសំខាន់ចំនួន ប្រមាណ២៣៧ នាក់ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ទីរួមខេត្តកំពង់ឆ្នាំង ។ ការប្រារព្ធព្រឹត្តិការណ៍អបអរសាទរ ការរាំប្រពៃណី និងការចែកសំឡីអនាម័យ ដោយឥតគិតថ្លៃផងដែរ។

យោងតាមអង្គការសហប្រជាជាតិ ឆ្លើយតបនឹងមេរោគអេដស៍ (UNAIDS) ស្ត្រី និងកុមារី ដែលមាន មេរោគរស់នៅ ជាមួយមេរោគអេដស៍ មានចំនួនកើនឡើងច្រើន ក្នុងចំណោមអ្នករស់នៅ ជាមួយមេរោគអេដស៍ ទូទាំងពិភពលោក ។ នៅឆ្នាំ២០២២ក្មេងស្រី និងស្ត្រីវ័យក្មេងចំនួន ៤០០០ នាក់មានអាយុពី ១៥ ទៅ ២៤ ឆ្នាំបានឆ្លងមេរោគអេដស៍ ជារៀងរាល់សប្តាហ៍ ទូទាំងពិភពលោក ។ ទិវាអន្តរជាតិនារីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១១ ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ៨ ខែមីនា ។ ទិវានេះទទួលស្គាល់សមិទ្ធផលផ្នែកនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចរបស់ស្ត្រី ដើម្បីពន្លឿនការ​​ទទួលបានសិទ្ធិគ្រប់គ្រាន់របស់ពួកគាត់ ៕

To Top