ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា ប្រសិនបើមានសារ (SMS) ការស្នើសុំជាបន្ទាន់នូវព័ត៌មាន ផ្ទាល់ខ្លួន ដើម្បីចូលទៅកាន់ គណនីធនាគារ ការស្នើសុំលេខ អត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវព័ត៌មាន គណនីធនាគាររបស់លោកអ្នក សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនី ជាដាច់ខាត។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៥ មីនានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់បន្ថែមថា បើមានការមន្ទិលសង្ស័យ សូមទំនាក់ទំនងទៅកាន់គ្រឹះស្ថានធនាគាររបស់ខ្លួន ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ មុននិងចុចទៅលើតំណភ្ជាប់ (Link)។
ជាមួយគ្នានោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណជន ដែលបានប្រើប្រាស់ បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណា ដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហានិភ័យផ្សេងៗ ៕