ព័ត៌មានជាតិ

លោក ស ថេត ៖ ការលើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ក្នុងការពន្លឿន កិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ការលើកកម្ពស់តួនាទីរបស់ស្ត្រីនិងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់នៅក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយបរិយាបន្ន ។

ការលើកឡើងរបស់អគ្គស្នងការនគរបាលជាតិបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញ ប្រារព្ធពិធីទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នាថ្ងៃទី៥ មីនាដែលមានការចូលរួមពីកងកម្លាំងនគរបាលនារី ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រមាណជាង៦០០នាក់ ។

នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា ការរៀបចំយុទ្ធនាការអបអរសាទរទិវា អន្តរជាតិនារី ៨មីនា ខួបទី១១៣ នាឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណង រំលេចអំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាង របស់ស្ត្រីនិងក្មេងស្រីក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ។

នាយឧត្តមសេនីយ៍ ស ថេត បន្តថា ការកំណត់យកមូលបទ សម្រាប់ឆ្នាំនេះ បានរៀបចំឡើងឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គម នៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្ត្រីនិងក្មេងស្រី។

អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា «ការលើកកម្ពស់តួនាទី របស់ស្ត្រីនិងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់ នៅក្នុងការពន្លឿន កិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាបន្ន។ នៅពេលស្ត្រី និងក្មេងស្រីមានចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល អាចធ្វើឲ្យពួកគេបានចូលរួម ដោយសកម្ម និងប្រកបដោយសុវត្ថិភាពនៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។ បរិវត្តកម្មឌីជីថល នឹងផ្តល់នូវមធ្យោបាយថ្មីៗ សម្រាប់ស្ត្រីនិងក្មេងស្រី ក្នុងការអនុវត្តសិទ្ធិ ការលើកកម្ពស់ឋានៈ តួនាទី ការទទួល បានកាលានុវត្តភាព និងជម្រើសនានានៅក្នុងការ រស់នៅរួមទាំងការ លើកកម្ពស់ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខ្លួន និងគ្រួសារ ព្រមទាំងការទទួលបានលទ្ធភាពកាន់តែ ទូលំទូលាយសម្រាប់ការសិក្សា អប់រំ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និងអាជីវកម្មជាដើម» ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការផ្ដាំផ្ញើ និងដាក់ចេញការណែនាំមួយចំនួន ដល់កម្លាំងនគរបាលនារី រួមមាន៖
ទី១៖ កងកម្លាំងនគរបាលនារីទាំងអស់ បន្តរក្សាប្រពៃណីថ្លៃថ្នូរ រក្សាកិត្តិយសក្នុងនាមជាងកងកម្លាំងនគរបាលជាតិ ដែលមានវិន័យ សីលធម៌ គុណធម៌ និងមានមនសិការវិជ្ជាជីវៈ ជាពិសេសរក្សាបាននូវគុណតម្លៃឲ្យស័ក្តិសមនឹងកិត្តិនាមរបស់ស្ត្រីជា «មាតាពិភពលោក»។
ទី២៖ ស្នើបន្តខិតខំប្រឹងប្រែងពុះពាររាល់ឧបសគ្គ ចាប់យកកាលានុវត្តភាព អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ឲ្យស័ក្តិសមជាស្រ្តីនៃយុគសម័យឌីជីថល ដែលពោពេញដោយសមត្ថភាព។
ទី៣៖ លើកកម្ពស់ឧត្តមភាពក្នុងនាមជាភរិយា ជាមាតា ជាម្តាយមីង ជាបងស្រី ឬជាកូនស្រីគំរូក្នុងគ្រួសារ ដោយត្រូវអប់រំក្នុងសង្គមគ្រួសារទាំងមូល ។

លោកនាយឧត្តមសេនីយ៍ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះកងកម្លាំងនគរបាលជានារី ដោយកាត់បន្ថយនូវគម្លាតយេនឌ័រ ផ្តល់នូវអាទិភាពលើកទឹកចិត្ត ផ្តល់មុខតំណែង ឋានន្តរស័ក្តិ ស្របតាមស្នាដៃ និងសមត្ថភាព ប្រកបដោយតម្លាភាព គ្មានការរើសអើង ៕

To Top