ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូ សហភាពអឺរ៉ុបចូលជួប

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ៥ មីនានេះ បានអនុញ្ញាតឲ្យលោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុប ដើម្បីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងសហភាពអឺរ៉ុប ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ដល់បណ្តាប្រទេស ជារដ្ឋសមាជិក នៃសហភាពអឺរ៉ុប ដែលបានសហការគាំទ្រ វិស័យសុខាភិបាល ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែក លើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា នាពេលកន្លងមកដូចជា សាធារណរដ្ឋឆេក បានជួយលើ គម្រោងអភិវឌ្ឍពង្រឹងសមត្ថភាព ការថែទាំជុំវិញកំណើត (Perinatal care center) គម្រោងសុខភាពមាតា និងទារកទើបនឹងកើត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (GDR) បាននិងកំពុងជួយគម្រោង គាំពារសុខភាពសង្គម កម្មវិធីសមធម៌សុខភាព និងលើកកម្ពស់គុណភាពសេវានៅកម្ពុជា គម្រោងសុខភាពតែមួយ (One Health 4 Cambodia) ប្រទេសបារាំង បានជួយការងារបណ្តុះបណ្តាល វេជ្ជបណ្ឌិតឯកទេស ជារៀងរាល់ឆ្នាំ បណ្តាលប្រទេសអឺរ៉ុបខាងជើង (Nordic Country) ជួយគម្រោងមូលនិធិសាកល ជាពិសេសគឺការផ្តល់ ជំនួយវ៉ាក់សាំងតាមរយៈ កម្មវិធីCOVAX និងតាមរយៈជំនួយទ្វេភាគី ជាដើមក្នុងគោលដៅចូលរួមចំណែកគាំទ្រឲ្យ កម្ពុជាឈានទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage-UHC) ។

ចំណែកលោក Igor Driesmans ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប បានកោតសរសើរ និងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តម ទទួលបាននូវគ្រឿង ឥស្សរិយយសខ្ពស់ជាងគេបំផុត ឡា ឡេស្យុង ដោនើរ (La Légion d’honneur) ពីប្រទេសបារាំង ដែលជាសមាជិកសភាពអឺរ៉ុប នាពេលថ្មីៗនេះ។ ឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណ ដល់សាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានរំលឹកពីកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការគាំទ្រពីបណ្តាលសមាជិកនៃសហភាពអឺរ៉ុប ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងពេលផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ ។

ឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសការបន្តគាំទ្រគម្រោងគាំពារសុខភាពសង្គម គម្រោងកាកបាទក្រហមកម្ពុជា នៅតាមព្រំដែនកម្ពុជា-ថៃនិងកម្ពុជា-វៀតណាម ដោយលោកស្នើសុំក្រសួងជួយផ្តល់ដំណឹង និងលើកទឹកចិត្តដល់ និសិត្យកម្ពុជាឲ្យចូលរួមក្នុងកម្មវិធី អាហារូបករណ៍តាមរយៈ ERASMUS ផងដែរ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់សហភាពអឺរ៉ុប ជាពិសេសឯកអគ្គរដ្ឋទូតដែលបានបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្វាគមន៍ដល់ការ វិនិយោគរបស់សហគ្រាស នៃរដ្ឋសមាជិកសហភាពអឺរ៉ុប លើកការផលិតឱសថ វ៉ាក់សាំង និងបរិក្ខារវេជ្ជសាស្ត្រ ដែលមានគុណភាពខ្ពស់ និង និយាមអន្តរជាតិ គ្នុងគោលដៅរួមគ្នាលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេច បាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្ត បញ្ចកោណរាជរដ្ឋាភិបាល ៕

To Top