ភ្នំពេញ៖ លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាក ក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាថ្ងៃទី៥ ខែមីនា លោក អេនថូនី អាល់បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង៧ទសវត្សរ៍មក ពោលគឺមុនពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។ នេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃប្រទេសទាំងពីរ ទទួលបានផលប្រយោជន៍ទៅវិញទៅមក នៅក្នុងទំនាក់ទំនងដ៏ល្អប្រសើរនេះ។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានសម្ដែងនូវការគាំទ្រ និងបង្ហាញពីការពេញចិត្ត ក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា និងបានមានប្រសាសន៍ថា “កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាក ក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត” ។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូន លោក អេនថូនី អាល់បានីស៊ី ថា “កម្ពុជាសូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេល នៃការស្វែងរកសន្តិភាពជូនកម្ពុជា នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា មិនអាចកើតឡើងបានឡើយ បើមិនមានការគាំទ្រ និងការយកចិត្តទុកដាក់ និងការផ្តល់ជំនួយលើវិស័យគន្លឹះ ដែលរួមមាន៖ វិស័យកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ ការពារសន្តិសុខ និងវិស័យផ្សេងៗទៀត”។
ក្នុងក្របខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សម្តេចធិបតី បានជម្រាបជូន លោកនាយករដ្ឋមន្ត្រី អំពីវិស័យសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមាន ដូចជា៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ការអប់រំ និងការងារ និងផ្នែកការពារជាតិ។
សម្តេចធិបតី ក៏បានបញ្ជាក់ថា សម្តេចបានបង្ហាញអំពីការទាក់ទាញ ការវិនិយោគពីធុរជនអូស្ត្រាលី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលីកាលពីព្រឹក និងបានស្វាគមន៍ ចំពោះការចុះកិច្ចព្រមព្រៀង ស្តីពីសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាស ដែលជាកត្តាជំរុញ ដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ជាកិច្ចបញ្ចប់សម្តេចធិបតី បានអញ្ជើញលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ នាពេលអនាគត។
លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានស្វាគមន៍ទទួលយកការស្នើ អំពីវិស័យនៃសហប្រតិបត្តិការទាំងនេះ និងសម្តែងការរីករាយទទួលយក ការអញ្ជើញរបស់សម្តេចធិបតី ដើម្បីធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា នាពេលសមស្របខាងមុខ ៕