ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់​តែ​រឹងមាំ​

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ នៃប្រទេសទាំងពីរ និងបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។

ការប្តេជ្ញារួមគ្នារវាងថ្នាក់ដឹកនាំកំពូលទាំងពីរ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ។

ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដែលថ្នាក់ដឹកនាំទាំងពីរ មានជំនួបទ្វេភាគីជាថ្មី ក្រោយពីជំនួបទ្វេភាគី នៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានអបអរសាទរ លោក ប្រធានាធិបតី ចូកូ វីដូដូ ចំពោះភាពជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ឆ្នាំ២០២៣ ក៏ដូចជាការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ផងដែរ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នា លើវិស័យសំខាន់ៗ ដែលជាកម្មវត្ថុ នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួម រវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលរួមមាន៖ វិស័យការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខ។

ជាមួយនឹងការប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជានិងឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញក្តីសោមនស្សរីករាយ ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលប្រមាណជិត ៧ទសវត្សរ៍កន្លងមកនេះ ដែលបានផ្ដល់នូវផ្លែផ្កាជាច្រើន តាមរយៈទំនាក់ទំនងគ្នាកម្រិតខ្ពស់ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ជាពិសេសការពង្រឹងនូវទំនាក់ទំនង ក្នុងវិស័យសន្តិសុខ និងការពារជាតិ។

ជា​កិច្ច​បញ្ចប់​សម្តេច​ធិបតី​ និង​ប្រធានាធិបតីឥណ្ឌូណេស៊ី បាន​ឯកភាព​គ្នា​ ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លេី​វិស័យ​ខាង​លេី​ ព្រមទាំង​បន្ត​រួម​គ្នា​បង្កេីន​​កិច្ច​សហប្រតិបត្តិការ លេី​វិស័យ​​សក្ដានុពល​ផ្សេង​ទៀត​ ដេីម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ នៃ​ប្រទេស​ទាំងពីរ​ កាន់​តែ​រឹងមាំ​។

ជាមួយគ្នានេះ សម្តេចធិបតីបានថ្លែងអំណរគុណ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅឥណ្ឌូណេស៊ី នាពេលពេលវេលាសមស្របណាមួយ នាពេលអនាគត ៕

To Top