ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ព្រមានកាត់សាច់ស្អុយចោល ចំពោះមន្ត្រីណាដែលឃុបឃិត ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ

ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានព្រមានកាត់សាច់ស្អុយចោល ចំពោះមន្ត្រីណាដែលជាប់ពាក់ព័ន្ធ ឬ ឃុបឃឹតជាមួយ និង បទល្មើសធនធានធម្មជាតិ។

ការព្រមានបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណ:កម្មការថ្នាក់ខេត្តដើម្បីត្រួតពិនិត្យតាមដាន ទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និង ស្រុកវាលវែង ខេត្តពោធិ៍សាត់នៅសាលប្រជុំនៃរដ្ឋបាលខេត្តពោធិ៍សាត់នារសៀលថ្ងៃទី ៥ ខែ ខែមិនា ឆ្នាំ ២០២៤។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការប្រជុំលើកនេះគឺមិនមែនគ្រាន់តែបង្ក្រាបបទល្មើសតែប៉ុណ្ណោះទេគឺត្រូវតែចុះចាប់តែម្តងចំពោះមន្ត្រីណាដែលបើកភ្លើងខៀវអោយជនខិលខូចចូលទៅកាប់បំផ្លាញព្រៃឈើ និង ដឹកជញ្ជូនព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយលោក នឹង សុំគោលការទៅប្រមុខ នៃ រាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្តអភិក្រមទី ៥ គឺការវះកាត់តែម្តង។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៍បានអោយអនុគណះកម្មការទាំង ៩ ក្រុមត្រូវ:
១-ត្រួតពិនិត្យ និង ការពារដីដែលបានដកហូត និង ដីឃ្លុំទុកកន្លងមក។
២-ពិនិត្យករណីកំពុងកាប់ទន្ទ្រានថ្មីៗ
៣-ឡើងផែនទីកំណត់លើមុខសញ្ញា
៤-ក្នុងករណីប្រទះឃើញដុតព្រៃរានយកដីនៅកន្លែងណាត្រូវស្រាវជ្រាវកំនត់មុខសញ្ញាជាបន្ទាន់ដើម្បីតាមចាប់ជនប្រព្រឹត្តនៅនឹងកន្លែងអោយខាងតែបាន។
លោកអភិបាលខេត្តក៍បានណែនាំ និង ផ្តាំផ្ញើទៅដល់អនុគណះកម្មការទាំង ៩ ក្រុមត្រូវយកស្មារតី នៃ អង្គប្រជុំនេះទៅអនុវត្តន៍អោយមានប្រសិទ្ធភាពខ្ពស់ដោយឈរលើមូលដ្ឋានច្បាប់៕

To Top