ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ាបន្តធ្វើបឋកថា “ការប្រើប្រាស់នវានុវត្តន៍ ដើម្បីឲ្យការបម្រើ សេវាសាធារណៈកាន់តែគាប់ប្រសើរ”

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៥ មីនា បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការ ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៥០១នាក់ ដើម្បីពង្រឹងស្ថាប័ន ដែលជាយុទ្ធសាស្រ្តជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៣ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។

មេរៀនក្នុងសប្តាហ៍នេះ ផ្តល់ចំណេះដឹង បទពិសោធន៍ជាក់ស្តែង ជាមួយឧទាហរណ៍នៃ ការប្រើប្រាស់នវានុវត្តន៍ ដើម្បីធ្វើអោយកិច្ចការបម្រើ សេវាសាធារណៈ ពិសេសសេវាសុខាភិបាល កាន់តែបានគាប់ប្រសើរ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីដំណាក់កាលទាំង៤ នៃនវានុវត្តន៍ដែលរួមមាន ការវិនិច្ឆ័យរកបញ្ហា ការរៀបចំសេវា ការអនុវត្តន៍ និង ការវាយតំលៃតាមដានលទ្ធផល។ ការប្រើនវានុវត្តន៍នៅក្នុងការផ្តល់សេវាសុខាភិបាល នឹងធ្វើសេវាសាធារណៈកាន់តែមានប្រសិទ្ធិភាពនិងសក្តិសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់ជូនគាត់នូវបទពិសោធន៍ល្អៗក្រោយពីទទួលបានសេវាពីគ្រឹះស្ថានសុខភាពសាធារណៈ។

ក្រៅពីការធ្វើបទបឋកថា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក៍ បានបង្ហាញពីប្រធានបទ ដែលបានជ្រើសរើស សម្រាប់ពិភាក្សានៅក្នុង សន្និបាតសុខាភិបាលលើកទី ៤៣ នាពេលខាងមុខនេះដែល រួមមាន៖ (១) ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង (២) ការលើកកម្ពស់សុខភាពមាតា និងទារក និងអាហាររូបត្ថម្ភ (៣) ការបង្ការ និងគ្រប់គ្រងនឹងជំងឺឆ្លង (៤)ការផ្ដល់សេវាថែទាំសុខភាពបឋម និង(៥) ការផ្ដល់សេវាថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែក។

សាស្រ្តាចារ្យបានជំរុញ មន្រ្តីសុខាភិបាលទាំងអស់ ចូលរួមលើកជាសំណួរ បានផុសផុសសំដៅប្រមែប្រមូលធាតុចូល សម្រាប់យកទៅពិចារណានៅក្នុងសន្និបាត ឬ សម្រាប់ប្រើប្រាស់នៅក្នុងការងារពង្រឹង វិស័យសុខាភិបាល នាពេលបច្ចុប្បន្នក៍ ដូចជាក្នុងពេលអនាគត។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង នៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាព ថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ៕

To Top