ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំឲ្យបង្ការ និងពន្លត់អគ្គិភ័យតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរស្តីពី វិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។

ក្នុងសារាចរ ចេញផ្សាយនាថ្ងៃ១ មីនា បានបង្ហាញពីគោលបំណងឲ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការនិងទប់ស្កាត់ឲ្យ បានជាអតិបរមានូវគ្រោះថ្នាក់ អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ ស្របពេលដែលមានការជូនដំណឹងស្តីពី ការឡើងកម្ដៅអាកាសធាតុ រហូតដល់ ៤១អង្សាសេ នៅក្នុងខែមេសា និងដើមខែឧសភា ខាងមុខនេះ ដោយរាជរដ្ឋាភិបាល ធ្វើការណែនាំអំពី ចំណាត់ការ និងវិធានការ ដូចជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ និយោជកជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អំពីវិធានការបង្ការអគ្គិភ័យ និងវិធានការ សុវត្ថិភាពនិងសុខភាពការងារ របស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីការបង្ការនិងការពន្លត់អគ្គិភ័យ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងលិខិតបទដ្ឋានអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

តាមរយៈសារាចរក៏បានឲ្យដឹងថា ក្នុងឆ្នាំកន្លងទៅ ករណីអគ្គិភ័យមានការកើនឡើងគួរឲ្យព្រួយបារម្ភ ជាពិសេសនៅ តាមសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ដែលបានបណ្តាលឲ្យប៉ះពាល់ដល់ អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងដំណើរការអាជីវកម្ម។

មូលហេតុចម្បងៗ នៃគ្រោះអគ្គិភ័យមាន ជាអាទិ៍ ការឆ្លងចរន្តអគ្គិសនី ការធ្វេសប្រហែសក្នុងការអនុវត្តវិធានការ ចាំបាច់ស្តីពីសុវត្ថិភាពអគ្គិភ័យ ជាពិសេសវិធានការត្រួតពិនិត្យការប្រើប្រាស់ ឧបករណ៍សម្រាប់តភ្ជាប់បណ្តាញ ចរន្តអគ្គិសនីនិងសម្ភារៈដំណើរការដោយចរន្តអគ្គិសនីផ្សេងៗ ៕

To Top