ភ្នំពេញ ៖ ដើម្បីឲ្យយន្តការផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូនអាចអនុវត្តបដោយភាពរលូន មានប្រសិទ្ធភាព និងនិរន្តរភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវគោលការណ៍ ១០ចំណុច ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាព នៃការផ្សព្វផ្សាយក្នុងបណ្តាញសង្គមផ្លូវការ របស់អង្គភាពក្រោមឱវាទក្រសួង។
ការលើកឡើងរបស់លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី យន្តការផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
នាឱកាសនោះដែរ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានឡើងធ្វើរបាយការណ៍អំពីបច្ចុប្បន្នភាព នៃប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួង ដែលក្នុងនោះមាន ៨ ដូចជា៖ គេហទំព័រផ្លូវការ, Telegram Channel, Facebook, TikTok, YouTube, X (Twitter), Instagram និងកម្មវិធីទូរស័ព្ទ MPWT News App។ ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ប្រព័ន្ធបណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួង ត្រូវបានចាត់ទុកថាជាប្រព័ន្ធដែលពេញនិយមជាងគេ និងមានអ្នកគាំទ្ររហូតដល់ទៅ ១,៥ លាននាក់។
គោលការណ៍ទាំង១០ចំណុច រួមមាន៖
១. ត្រូវបង្កើតបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់អង្គភាពនីមួយៗ (ករណីមិនទាន់មាន) ជាពិសេស Facebook និង TikTok ព្រមទាំងបណ្តាញសង្គមផ្សេងៗទៀត តាមលទ្ធភាពដែលអង្គភាពអាចគ្រប់គ្រងបាន។
២. ត្រូវធានារាល់ការចែករំលែក ផ្សព្វផ្សាយ និងឆ្លើយតបមតិយោបល់របស់ប្រជាពលរដ្ឋលើបណ្តាញសង្គមផ្លូវការត្រូវបានអនុវត្តជាប្រចាំ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់
៣. រៀបចំកាលវិភាគសម្រាប់ធ្វើការផ្សព្វផ្សាយប្រចាំសប្តាហ៍ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបុណ្យជាតិ-អន្តរជាតិ សារថ្វាយព្រះពរ សារជូនពរ ប្រចាំឆ្នាំ២០២៤។
៤. រៀបចំរបាយការណ៍ផ្សព្វផ្សាយឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ និង បញ្ជីឈ្មោះជនបង្គោលទទួលបន្ទុកទំនាក់ទំនងសាធារណៈរបស់អង្គភាព មកក្រសួង យ៉ាងយូរត្រឹម ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
៥. ជំរុញថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃអង្គភាពក្រោមឱវាទក្រសួង ត្រូវធ្វើការតាមដាន និងចែករំលែក (Share) ព័ត៌មានដែលបានចុះផ្សាយលើប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួង និងអង្គភាពរបស់ខ្លួន ឱ្យបានទូលំទូលាយ។
៦. សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដើម្បីមាន មូលដ្ឋានធ្វើការសំយោគខ្លឹមសារយកទៅផ្សព្វផ្សាយ និងឆ្លើយតបជាសាធារណៈ ដោយ ចម្លងជូនជាប្រចាំនូវរាល់របាយការណ៍វឌ្ឍនភាពការងារផ្តល់សេវាសាធារណៈ និងវឌ្ឍនភាពការងារគម្រោង ព្រមទាំងឯកសារបទដ្ឋានគតិយុត្ត និងបញ្ជូនតាមគ្រប់រូបភាពនូវរាល់ព័ត៌មានទាន់ហេតុការណ៍ និងព្រឹត្តិការណ៍សំខាន់ៗ ដូចជា គ្រោះមហន្តរាយ ការខូចខាតផ្លូវថ្នល់ ស្ពាន ការផ្អាកចរាចរណ៍ ជាដើម ផ្តល់ព័ត៌មាន និងរបាយការណ៍តាមការចាំបាច់។
៧. ត្រូវឆ្លើយតបបំភ្លឺភ្លាមៗ និងប្រតិកម្មរហ័សចំពោះសំណួរ មតិយោបល់ ឬព័ត៌មាន មិនពិតនានា ដោយសហការជាមួយអ្នកនាំពាក្យក្រសួង អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតបជាមួយ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ តាមការចាំបាច់
៨. គ្រប់អង្គភាពក្រោមឱវាទ ក្រុមការងារប្រតិកម្មរហ័ស និងអគ្គនាយដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ត្រូវសហការគ្នាយកចិត្តទុកដាក់ឆ្លើយតបលើមតិ យោបល់របស់ប្រជាពលរដ្ឋ ឬសកម្មភាពពាក់ព័ន្ធ ដែលស្ថិតក្រោមដែនសមត្ថកិច្ច របស់ខ្លួន។
៩. លើកសំណើបណ្តុះបណ្តាល ទៅកាន់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនង សាធារណៈ តាមការចាំបាច់ សំដៅពង្រឹងគុណភាពព័ត៌មានប្រកបដោយភាពពិត ត្រឹមត្រូវ និងលឿនរហ័ស ដើម្បីបង្កើនភាពទាក់ទាញដែលអាចស្រូបយក ប្រជាប្រិយភាព និងទំនុកចិត្តរបស់សាធារណជន។
១០.អង្គភាពក្រោមឱវាទក្រសួងទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងវគ្គបណ្តុះបណ្តាលនេះ និងត្រូវអនុវត្តតាមយន្តការដូចមាននៅក្នុងសេចក្តីណែនាំ៕