ព័ត៌មានជាតិ

ក្រសួងការបរទេស បញ្ជាក់លម្អិតករណីពលរដ្ឋខ្មែរ ជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃ បណ្ដាលឲ្យរបួសធ្ងន់-ស្រាល២៥នាក់

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី៦ ខែមីនានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីករណីពលរដ្ឋខ្មែរ ជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ បណ្ដាលឲ្យរបួសធ្ងន់ ២នាក់ និងរបួសស្រាល២៣នាក់ ។

បើតាមក្រសួងការបរទេសទទួលបានពីស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ គឺថា កាលពីថ្ងៃទី៣ មីនា មានពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរពីកន្លែងស្នាក់នៅ ស្ថិតក្នុងភូមិខ្លងម៉ាហ្វៃ ដើម្បីទៅធ្វើការនៅស្រុកណាឌី ខេត្តប្រាជីនបុរីប្រទេសថៃ។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យពលករខ្មែររងរបួសធ្ងន់ចំនួន២នាក់ និងស្រាលចំនួន២៣នាក់។

ក្រោយពេលកើតហេតុ ពលករខ្មែរចំនួន២នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យស្រុកកាប៊ិនបុរី ខេត្តប្រាជីនបុរី។ ចំណែកអ្នករងរបួសស្រាល ក្រោយពីត្រូវបានសង្រ្គោះបឋមរួចហើយ ត្រូវបានថៅកែថៃទទួលយកទៅកន្លែងស្នាក់នៅវិញ។

ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ក៏បានបញ្ជាក់ផងដែរថា រាល់ការចំណាយផ្សេងៗក្នុងការព្យាបាលរបួសត្រូវបានថៅកែជនជាតិថៃទទួលបន្ទុកទាំងអស់ ៕

To Top