ព័ត៌មានជាតិ

វិទ្យាស្ថានបណ្តុះបណ្តាល ខេត្តព្រៃវែងប្រកាសជ្រើសរើសយុវជនក្រីក្រ និងយុវជនមានពិការភាព ចូលរៀនជំនាញជំហានទី២ជាង៤០០នាក់

ភ្នំពេញ៖ នាដើមខែមីនា ឆ្នាំ២០២៤នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងបានប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងយុវជនមានពិការភាពចំនួនជាង៤០០បន្ថែមទៀត ក្នុងខេត្តព្រៃវែង ដើម្បីចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជំហានទី២ដោយឥតគិតថ្លៃ។

បើតាមវិទ្យាស្ថានបានបញ្ជាក់ថាការផ្តល់ជូនការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈការសម្រាប់សិក្ខាកាមចំនួន៤២០នាក់ក្នុងជំហានទី២នេះ រួមមានជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំនិងជួសជុលរថយន្ត សេវាកម្មសម្អាងកាយ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការធ្វើម្ហូបខ្មែរ ការកែច្នៃបន្លែនិងផ្លែឈើជាដើម ដោយសិក្ខាកាមអាចសិក្សាពីថ្ងៃចន្ទ ដល់សុក្រ ទៅតាមវេនសិក្សាចំនួនពីរ វេនល្ងាច និងព្រឹក។

យុវជនដែលអាចចុះឈ្មោះរៀនជំនាញនេះបានគឺត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើង ដោយក្នុងនោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស គឺអាចសិក្សាឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រហូតដល់បញ្ចប់ការសិក្សាថែមទៀត។ ក្រោយការបញ្ជាប់វគ្គសិក្សានេះ សិក្ខាកាមនឹងទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានឱកាសបន្តការសិក្សាជំនាញបន្ថែមទៀតនៅវិទ្យាស្ថាន។

ដោយឡែក យុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ មានប័ណ្ណសម្គាល់ពិការភាព ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ក៏នឹងអាចសិក្សាមិនឥតថ្លៃដូចគ្នា ក៏ប៉ុន្តែគ្មានប្រាក់ឧបត្ថម្ភនោះទេ តែសិក្ខាកាមនឹងទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានឱកាសបន្តការសិក្សាជំនាញនៅវិទ្យាស្ថានដូចគ្នាទៅនិងយុវជនមកពីគ្រួសារក្រីក្រដែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជំហានទី២នេះ នឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសបានបើកបវេសនកាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ការបណ្តុះបណ្តាលវគ្គទី១ បាននឹងកំពុងដំណើរការរលូននៅទូទាំងប្រទេស ក៏ប៉ុន្តែវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសនៅតែទទួលការចុះឈ្មោះចូលរៀនជំនាញដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះដដែល៕

To Top