ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងថ្នាក់ដឹកនាំដែលជាសមាសភាព ក្រុមការងារយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ គឺដើម្បីពិភាក្សា ប្រមូលធាតុចូល សម្រាប់ការរៀបចំជាទស្សនាទាននៃគំរូអភិវឌ្ឍន៍ជនបទក្នុងប្រទេសកម្ពុជា ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបង្កើតឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងពង្រឹង បង្កើនប្រសិទ្ធភាពការអនុវត្ដភារកិច្ចរបស់មន្ដ្រីរាជការ។
លោក រដ្ឋមន្ដ្រី បានបន្ដថា ដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់គោលការណ៍សម្រាប់កំណែទម្រង់សាធារណៈ និងការអភិវឌ្ឍនានា គឺការរក្សាចាស់ បង្កើនថ្មី និង ការពង្រឹងគុណភាព ៧០% និងពង្រីក ៣០% និងផ្អែកលើសមិទ្ធផលដែលមានក្នុងនីតិកាលកន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទ ឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួន គឺធានាការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅប្រជាជននៅជនបទឱ្យកាន់តែល្អប្រសើរឡើង សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់៕