ព័ត៌មានជាតិ

លោក សូ ណារ៉ូ យល់ថា លោក តាក់ ម៉េងហ៊ាង ដឹកនាំបាតុកម្ម​ប្រឆាំង សម្តេចធិបតី គួរត្រូវបានព្រមាន ពីបក្សកាន់អំណាច របស់អូស្ត្រាលី

ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី លោក សូ ណារ៉ូ បានលើកឡើងថា លោក តាក់ ម៉េងហ៊ាង
ជាតំណាងរាស្ត្រ​ អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ របស់គណបក្សឡេប៊រ (Labour) ដែលជាបក្សកាន់អំណាច របស់អូស្រ្តាលីដឹកនាំបាតុកម្មប្រឆាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរបំពេញបេសកកម្ម នៅប្រទេសអូស្ត្រាលី ជារឿងដ៏គួរឲ្យអស់សំណើច ខណៈលោកយល់ថាគណបក្ស កាន់អំណាចនៅអូស្ត្រាលី គួរតែព្រមាន ចំពោះទង្វើផ្ទុយពីគោលការណ៍បក្ស របស់អ្នកនយោបាយជ្រុល និយមរូបនេះ ។

លោក តាក់ ម៉េងហ៊ាង ក្រោយក្លាយជាតំណាងរាស្រ្តអូស្ត្រាលី លោកបានតាំងជំហរខ្លួនឯងថា នឹងបន្តសកម្មភាពពីលោក ហុង លីម ។ លោក ហុង លឹមជាតំណាងរាស្រ្ត​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ បានចូលនិវត្តន៍កាលពីប៉ុន្មានឆ្នាំមុន លោកតែងតែរិះគន់កម្ពុជា។

ការយល់ឃើញរបស់លោក សូ ណារ៉ូបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រោយស ម្តេចធិបតីអញ្ជើញ មាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់ដោយ ជោគជ័យការចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ចាប់ពីថ្ងៃទី១-៦ ខែមីនា ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានបង្ហាញអារម្មណ៍ហួសចិត្តផងដែរ ចំពោះលោក ហុង លីម ក្រោយចូលនិវត្តន៍ហើយ មិនព្រមបោះបង់ចោលគំនិតអ្នកនយោបាយចាស់កំរិល ចងគំនុំ សងសឹក លាបពណ៌ដ៏ខ្មៅងងឹត ជេរប្រមាថ ដូចសត្វធាតុនោះទេដោយបន្តប្រើមនុស្សឲ្យជំនួសគាត់ទៀត។

លោក សូ ណារ៉ូ បន្តថា “នៅពេលមានការផ្លាស់ប្តូរ នៃស្រទាប់មេដឹកនាំជំនាន់ថ្មីដែលពោលពេញទៅដោយបញ្ញវន្ត ឆ្នើមៗនៅក្នុងការបម្រើរដ្ឋាភិបាលនៅពេលបច្ចុប្បន្ន ក៏មានការផ្លាស់ប្តូរមេដឹកនាំជំនាន់ថ្មី នៅទីក្រុងម៉ែលប៊ន ពីលោក ហុង លីម មកលោក តាក់ ម៉េងហ៊ាង ដែលជាបញ្ញវន្តជំនាន់ក្រោយ ដែលគួរតែមានការផ្លាស់ប្តូរវិធីសាស្ត្រ ធ្វើនយោបាយឲ្យ ថ្លៃថ្នូរជាងមុន បំបាត់ភាព ជ្រុលនិយម គំនុំសងសឹក តែគួរឲ្យសោកស្តាយ គឺថា លោក តាក់ ម៉េងហ៊ាង នៅតែបន្តនយោបាយ ជ្រុលនិយមពីជំនាន់ចាស់ ហើយកាន់តែជ្រុលនិយម ជាងអ្នកនយោបាយចាស់ៗទៅទៀត សូម្បីតែ សម រង្ស៊ី ក៏មិនហ៊ានដឹកនាំបាតុកម្មប្រឆាំងផ្ទាល់ ជាមួយប្រមុខ រាជរដ្ឋាភិបាលដែរ ។ បែរជាគាត់ (តាក់ ម៉េងហ៊ាង) ចេញមុខមកប្រថុយ ប្រថាន ដឹកនាំបាតុកម្ម ប្រឆាំប្រមុខរដ្ឋាភិបាលទៅវិញ”។

ប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ ក៏បានឲ្យអស់សំណើចចំពោះបាតុកម្មនេះ ខណៈសម្តេចធិបតីបានទៅដល់អូស្រ្តាលីភ្លាម បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីនាយករដ្ឋមន្រ្តីអូស្ត្រាលី លោកអេនថូនី អាល់បានីស៊ី ជាមេដឹកនាំគណបក្សឡេប៊រ ដែលជាបក្សកាន់អំណាច។
លោកថា លោក តាក់ ម៉េងហ៊ាង ក៏ជាសមាជិកគណបក្ស ឡេប៊រដែរ បែរជាដឹកនាំមនុស្សបាតុកម្មវិញ។

លោក សូ ណារ៉ូ សង្កត់ធ្ងន់ថា “គណបក្សឡេប៊រនេះ ត្រូវតែព្រមានលោក តាក់ ម៉េងហ៊ាង ដែលដើរខុសនឹងគោល ការណ៍របស់គណបក្សរបស់គាត់” ។

លោកបន្ថែមទៀតថា “នៅចំណុចមួយទៀតដែលចុងក្រោយនេះថា មានចលនាដែលគាត់បំផុសបំផុលឡើង​ ដើម្បីប្រឆាំងជាមួយនឹងគណបក្ស ក៏ដូចជារដ្ឋាភិបាលកាន់អំណាច នៅប្រទេសកម្ពុជា តាមរយៈការចោទប្រកាន់ថា មានការជ្រៀតជ្រែកក្នុងសហគមន៍ខ្មែរ នៅប្រទេសអូស្ត្រាលី ហើយចោទប្រកាន់នេះ ពួកគាត់ក៏ជំរុញឲ្យមានច្បាប់ ដើម្បីទប់ស្កាត់នៃការជ្រៀតជ្រែករបស់គណបក្សប្រជាជន ឬរដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហាផ្ទៃក្នុងរបស់ប្រទេសអូស្ត្រាលី ក៏ប៉ុន្តែអ្វីដែលលោក តាក់ ម៉េងហ៊ាង គាត់ជាមេធាវី ក៏ប៉ុន្តែគាត់អត់ចេះច្បាប់ អត់ចេះច្បាប់នោះត្រង់ថា រដ្ឋាភិបាលកម្ពុជា និងសមាជិកគណបក្សកាន់អំណាច មិនបានជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលីទេ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជា គ្រាន់តែអនុវត្តតាមរដ្ឋធម្មនញ្ញ និងច្បាប់របស់កម្ពុជា តាមថែរក្សាគាំពារ ពលរដ្ឋខ្មែរទាំងអស់ នៅក្រៅប្រទេស” ៕

To Top