ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល Women and Girls in Digital Transformation» នាថ្ងៃ៦ មីនា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរំលេចថា ចំពោះការផ្តល់សេវាសុខភាព ក្រសួងបានផ្តោតការយក ចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការថែរក្សាសុខភាពដល់ ស្ត្រីក្នុងវ័យបន្តពូជ ជាពិសេសស្ត្រីជាមាតា ដើម្បីឈានទៅរកការកាត់ បន្ថយអត្រាមរណភាពមាតា និងទារក។
លោកបន្តថា ជាក់ស្តែងតាមរយៈតួលេខដែលបានមកពីការអង្កេតសុខភាព និងប្រជាសាស្រ្តបឋមនៅកម្ពុជា អត្រាពិនិត្យ និងថែទាំស្ត្រី នៅពេលមានគភ៌ និងពេលសម្រាល មានចំនួនកើនឡើង រីឯអត្រាមរណភាពមាតា ទារក និងកុមារ មានការថយចុះគួរឲ្យកត់សម្គាល់។
លោកថា ម្យ៉ាងវិញទៀត ក្នុងការអនុវត្តគោល នយោបាយ សមភាពយេនឌ័រ ក្រសួងសុខាភិបាល ក៏បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះការងារ របស់ស្ត្រីដោយបាន ផ្តល់អាទិភាព ដល់ស្ត្រីដែលមានសមត្ថភាព ឲ្យទទួលបាននូវមុខដំណែង សមស្របមួយក្នុងការងាររបស់ខ្លួន និងបានផ្តល់ឱកាសឲ្យស្ត្រី ទៅចូលរួមក្នុងវគ្គបណ្តុះ បណ្តាល បន្តជំនាញផ្សេងៗទាំងក្នុង និងក្រៅប្រទេសទៀតផង។
ជាមួយគ្នានេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីគាំទ្រ ចំពោះប្រធានបទដ៏មានសារៈសំខាន់នេះ ព្រោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ ដៃគូអភិវឌ្ឍ និងវិស័យឯកជន រួមទាំងបណ្តាញផ្សព្វផ្សាយ បាននិងកំពុងរៀបចំយុទ្ធនាការ អបអរសាទរខួប លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណង រំលេចនូវសក្កានុពល និង ភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យ ឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ។ ប្រធានបទឆ្នាំនេះ គឺចង់បង្ហាញឲ្យទាំងអស់គ្នា បានដឹងពីសមត្ថភាព ពិតប្រាកដរបស់ស្រ្តី និងក្មេងស្រី ហើយទទួលស្គាល់ថា ស្រ្តីជាភ្នាក់ងារដ៏សំខាន់ ដែលមានតួនាទីចម្បង ចូលរួមធ្វើឲ្យសង្គមមានស្ថេរភាព និងការអភិវឌ្ឍ ក្នុងយុគសម័យឌីជីថលនេះ។
លោកថា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមជាមួយអគ្គ លេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើសុខ ភាពរបស់មាតា ទារក និងកុមារ ដោយបានចេញ អនុក្រឹត្យ កំណត់យកថ្ងៃទី២១ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ជាទិវាជាតិ សុខភាពមាតា ទារក និង កុមារផងដែរ ។ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់ និងបានផ្សព្វផ្សាយ ពីការងារយេនឌ័រ យ៉ាងទូលំទូលាយលើគ្រប់វិស័យ នៅទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសគឺស្រ្តីខ្លួនឯង យល់ពីតួនាទី និងសិទ្ធិរបស់ខ្លួន និងរួមគ្នារក្សា សន្តិភាព ដើម្បីអភិវឌ្ឍជាតិព្រមទាំង ការប្រើប្រាស់សិទ្ធិនេះ ឲ្យបានសមស្របផងដែរ ។
លោកថា ប្រសិនបើស្រ្តីជាមាតា មានសុខភាពល្អនោះ កូន ស្វាមី និងគ្រួសារ ទាំងមូលក៏មានសុខភាពល្អ មានសុភមង្គល និងមានឱកាស ចូលរួមសង្គមយ៉ាងពេញលេញ ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិដែរ៕