ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ ដល់ធុរកិច្ចជន អូស្ត្រាលី ក្នុងឱកាសអញ្ជើញ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម វិទ័ររៀថា ការវិនិយោគរបស់អូស្ត្រាលី នៅកម្ពុជា មិនគ្រាន់តែជាការសម្រេចចិត្តបែបយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើភាពសម្បូររុងរឿង សម្រាប់ពេលអនាគត របស់ប្រទេសទាំងពីរ ។
វេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី បានធ្វើឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ។ វេទិកានេះ ធ្វើឡើងក្នុងអំឡុងពេល សម្តេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ។
ក្នុងឱកាសនេះ សម្តេចធិបតី ក៏បានរំលឹកថា “ក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ អូស្ត្រាលី តែងតែជាអ្នកវិនិយោគ ដ៏សំខាន់មួយនៅកម្ពុជា លើវិស័យជាច្រើនរួមមានសេវាកម្មអប់រំ អាហារ និងភេសជ្ជៈ សេវាកម្មហិរញ្ញវត្ថុ ការរុករករ៉េ និងធនធាន បដិសណ្ឋារកិច្ច និងការទិញសម្លៀកបំពាក់ជាដើម” ។
ក្នុងនោះសម្តេចធិបតីគូសបញ្ជាក់ថា “ការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជា មិនគ្រាន់តែជាការសម្រេចចិត្ត បែបយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគ លើភាពសម្បូររុងរឿង សម្រាប់ពេលអនាគតរបស់ប្រទេសទាំងពីរ ព្រោះថាគន្លងនៃការររីកចម្រើន ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា រួមជាមួយទីតាំងភូមិសាស្ត្រ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានផ្តលឱកាសជាច្រើនដល់អាជីវកម្ម និងអ្នកវិនិយោគអូស្ត្រាលី ។ ជាមួយគ្នានេះ ការវិនិយោគរបស់អូស្ត្រាលី ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងការរីកចម្រើន សេដ្ចកិច្ច ប្រកបដោយចីរភាពថែមទៀត លើវិស័យជាច្រើនដូចជា កសិកម្ម និងឧស្សាហកម្ម ការអប់រំ សេដ្ឋកិច្ច ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលពណ៌ បៃតង”។
សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឲ្យកម្ពុជាក្លាយទៅជាគោលដៅទាក់ទាញ សម្រាប់ការវិនិយោគ ។ ក្នុងនោះបានធ្វើការយ៉ាងជិតស្និទ្ធិ ជាមួយក្រុមហ៊ុន និងវិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ប្រយោជន៍ធានាបាននូវភាពជោគជ័យ ដល់ការធ្វើអាជីវកម្ម និងវិនិយោគក្នុងប្រទេស ជាពិសេសតាមរយៈការរៀបចំ វេទិការរដ្ឋាភិបាល និងវិស័យឯកជនជាប្រចាំ ៕