ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀនក្នុងខ្លួន ។

ការពិនិត្យទឹកនោមស្វែង រកសារធាតុញៀននេះ បានធ្វើឡើងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដោយពិនិត្យទាំងក្នុង ជួរគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព ថ្នាក់ការិយាល័យ មន្ត្រីកិច្ចសន្យាផងដែរ ។

សកម្មភាពនេះ ធ្វើឡើងដោយអនុវត្តតាមវិធានការ ដ៏ម៉ឺងម៉ាត់និងមុតស្រួច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពោលបើរកឃើញមានមន្ត្រីណាម្នាក់ មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង ។

ប៉ុន្តែសូមបញ្ជាក់ថា ជាលទ្ធផល នៃការពិនិត្យលើមន្ត្រីបម្រើការងារ នៅសាលារាជធានីភ្នំពេញ សរុបចំនួន៥៤៧នាក់ គឺមិនមានមន្ត្រីណាម្នាក់ មានសារជាតិញៀន នៅក្នុងខ្លួនឡើយ ពោលគឺល្អ១០០%៕





