ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញសេចក្តីណែនាំថ្មី ស្តីពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដើម្បីជួយសម្រួលដល់ការកែតម្រូវទិន្នន័យ ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់ តុលាការពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពសំដៅ ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
តាមរយៈសេចក្ដីណែនាំនាថ្ងៃ៧ មីនា បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវកន្លងមក ក្រសួងមហាផ្ទៃ បានរកឃើញប្រជាពលរដ្ឋខ្មែរមួយចំនួនបាននិង កំពុងជួបបញ្ហាប្រឈមលើកំហុសទិន្នន័យ អត្តសញ្ញាណរបស់ខ្លួននៅក្នុងបញ្ជី និងសំបុត្រអត្រានុកូលដ្ឋានជាមួយ ឯកសារអត្តសញ្ញាណដទៃទៀត។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្លះ បានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយ លើសពីមួយដង ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋទាំងនោះ ជួបការលំបាកនៅក្នុងការស្នើសុំ សេវារដ្ឋបាល ផ្សេងៗ។
ពាក់ព័ន្ធបញ្ហានេះ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានដាក់ចេញនូវអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត ជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ឲ្យទទួលបានសេវាកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជី អត្រានុកូលដ្ឋាន ដែលខុសឆ្គង ឬបញ្ជីអត្រានុកូលដ្ឋានដែលចុះជាន់គ្នា ឲ្យបានឆាប់រហ័ស ទូលំទូលាយ និងងាយស្រួល ក្នុងគោលបំណងសម្រេចបានគោលដៅ «មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ» ស្របតាមផែនការ យុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦។
ទន្ទឹមនេះ ក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន តាមសេចក្តីសម្រេចរបស់ មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ និងសេចក្តីសម្រេចរបស់តុលាការ ដែលអនុវត្តនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ មួយចំនួនតូចមិនទាន់ដំណើរការ បានល្អគ្រប់ជ្រុងជ្រោយនៅឡើយ៕









